
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្ដេច ចាត់ទុកថ្ងៃប្រារព្ធពិធីនេះថាជា ថ្ងៃពិសេស ដោយសារមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់។
បើតាម សម្ដេចក្រឡាហោម ស ខេង នៅមុនប្រារព្ធពិធីនេះមួយថ្ងៃ គឺនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេច បានអញ្ជើញទៅទទួលទានអាហារការងារនៅនិវេសនដ្ឋានរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងបានជជែកពិភាក្សាគ្នាយ៉ាងស្និតស្នាល និងស្មោះត្រង់ ហើយក្នុងជំនួបនោះ សម្ដេច ក៏បានបង្ហើបជូនឯកឧត្តមឯកអគ្គរដ្ឋទូតថាសម្ដេចនឹងអញ្ជើញមកសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។

សម្ដេចរម្លឹកជូនអង្គពិធីថា«ខ្ញុំក៏បានស្នើ ឯកឧត្តម ឯកអគ្គរដ្ឋទូតថាប្រសិនបើឯកឧត្តមានឱកាស ហើយប្រសិនបើមិនមានអ្វីខុសទាស់ទេ សូមឯកឧត្តមអញ្ជើញមក ហើយគាត់បានស្វាគមន៍ភ្លាម! មែនទែនទៅ ថ្ងៃនេះការពិតគាត់ជាប់កម្មវិធីប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសគាត់តាមវីដេអូ ប៉ុន្តែគាត់សុខចិត្តផ្ទេរឱ្យសហការីគាត់ចូលរួមប្រជុំជំនួសដើម្បីអញ្ជើញមកទីនេះ»។
នៅចំពោះមុខសមភាគីអាល្លឺម៉ង់ និងសហការី ព្រមទាំងអង្គពិធីជាថ្នាក់ដឹកនាំក្រសួង ថ្នា់ដឹកនាំសាលា និងសិស្សនគរបាលជាតិ១០០នាក់ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ព្រមទាំងសហការី ដោយចាត់ទុកថាជាការបញ្ជាក់ឱ្យឃើញអំពីឆន្ទៈ និងបំណងដ៏ល្អក្នុងការជួយជ្រោមជ្រែងដល់ការកសាងធនធានមនុស្សក្នុងវិស័យនគរបាលនៅកម្ពុជា។

សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា «សហព័ន្ធអាល្លឺម៉ង់មិនត្រឹមតែប្រទេសមួយដែលធំទេ ហើយក៏ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងមានសេដ្ឋកិច្ចធំជាងគេមួយនៅអឺរ៉ុបដែរ។ បន្ទាប់ពីការអញ្ជើញមកពិនិត្យជាក់ស្ដែងនៅថ្ងៃនេះ និងបន្តបន្ទាប់នោះ ក្រុមការងារដែលជាសហការីរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតនឹងលើកឡើងនូវគម្រោងជាក់លាក់ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនគរបាលនៅកម្ពុជា ដូចជាកម្មវិធីសិក្សាសម្រាប់វគ្គបឋមវិជ្ជាជីវៈជាដើម»។
អាល្លឺម៉ង់គឺជាដៃគូសហប្រតិបត្តិការលេចធ្លោមួយ និងមានលក្ខណៈប្រវត្តិសាស្រ្តជាមួយក្រសួងមហាផ្ទៃកម្ពុជា។ អាល្លឺម៉ង់បានជួយជ្រោមជ្រែងដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនាំឱ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០០២ និងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការជាបន្តបន្ទាប់។ បច្ចុប្បន្ន អាល្លឺម៉ង់ក៏កំពុងផ្ដោតលើការគាំទ្រកំណែទម្រង់ធនធានមនុស្សក្នុងវិស័យនគរបាលជាតិ៕




