ក្រុមមន្ត្រីឥណ្ឌូណេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ថា ប្រទេសអាស៊ីអាគ្នេយ៍ បានយល់ព្រមធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូងមិនធ្លាប់មានរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលភាពតានតឹងកើនឡើងជុំវិញការអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara បានរាយការណ៍ថា ប្រមុខយោធាឥណ្ឌូណេស៊ី លោក Yudo Margono បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់ប្រមុខការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅកោះបាលីថា «យើងនឹងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រ Natuna ខាងជើង ដែលជាដែនទឹកស្ថិតចុងខាងត្បូងនៃសមុទ្រចិនខាងត្បូង» ។

លោកបានបន្តថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅខែកញ្ញា ហើយមានសមាជិកទាំង១០ នៃប្លុកនេះចូលរួម ព្រមទាំងសមាជិកអ្នកសង្កេតការណ៍ទីម័រខាងកើតផងដែរ ក្នុងនោះនឹងរាប់បញ្ចូលទាំងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា ជាកន្លែងដែលយោធាបានផ្តួលរំលំមេដឹកនាំស៊ីវិល និងត្រួតពិនិត្យការបង្រ្កាបយ៉ាងបង្ហូរឈាមលើការមិនចុះសម្រុង ដែលបណ្តាលឲ្យមានការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
លោក Margono បាននិយាយថា សមយុទ្ធនេះនឹងផ្តោតលើសន្តិសុខ និងជួយសង្គ្រោះដែនសមុទ្រ ហើយនឹងមិនពាក់ព័ន្ធនឹងប្រតិបត្តិការប្រយុទ្ធឡើយ ពោលគឺមានគោលបំណង «ពង្រឹងភាពអព្យាក្រឹតរបស់អាស៊ាន»។

សមាជិកនៃប្លុកនេះបានធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ពីមុនមក ប៉ុន្តែមិនដែលធ្វើសមយុទ្ធយោធាជាប្លុកនៃសមាជិកអាស៊ានដោយខ្លួនឯងទេ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឲ្យទីក្រុងប៉េកាំង បញ្ឈប់អាកប្បកិរិយា «បង្កហេតុ» នៅក្នុងផ្លូវទឹកដែលមានជម្លោះ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅក្បែរនាវារបស់ហ្វីលីពីន និង ការសមយុទ្ធដ៏គ្រោះថ្នាក់របស់អ្នកបើកយន្តហោះចម្បាំងចិន នៅជិតយន្តហោះស៊ើបការណ៍អាមេរិក។
នាវារបស់ចិនក៏បានចូលឈ្លានពានម្តងម្កាលចូលទៅក្នុងដែនទឹកដែលទាមទារដោយឥណ្ឌូណេស៊ីនៃសមុទ្រ North Natuna ជាកន្លែងដែលសមយុទ្ធនឹងប្រព្រឹត្តទៅ ដែលបង្កឲ្យមានការតវ៉ានៅក្នុងទីក្រុងហ្សាកាតា។

ប្រទេសចិនបាននិយាយថា ភាគច្រើននៃសមុទ្រចិនខាងត្បូង គឺជាកម្មសិទ្ធិរបស់ខ្លួន បើទោះបីជាមានការទាមទារប្រកួតប្រជែងពីប្រទេសអាស៊ីអាគ្នេយ៍រួមមាន ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ីក៏ដោយ។
យ៉ាងណាម៉ិញ នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែមុន មេដឹកនាំអាស៊ានបានពិភាក្សាអំពី «ហានិភ័យធ្ងន់ធ្ងរ» នៅសមុទ្រចិនខាងត្បូង និង ការចរចាដែលកំពុងបន្តក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃជម្លោះនៅទីនោះ។
ចំណែកអ្នកនាំពាក្យយោធាឥណ្ឌូនេស៊ី លោក Julius Widjojono បាននិយាយថា សមយុទ្ធនេះ គឺទាក់ទងទៅនឹង «ហានិភ័យខ្ពស់នៃគ្រោះមហន្តរាយ នៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍»។ ទន្ទឹមនោះ ប្លុកនេះនឹងរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំបន្ទាប់របស់ខ្លួននៅទីក្រុងហ្សាកាតា ក្នុងខែកញ្ញា ខាងមុខ៕

