សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាត្រូវបានម្ចាស់បុរី ឬផ្ទះល្វែងរឹបអូសផ្ទះ ព្រោះតែគ្មានលទ្ធភាពបង់បន្ត សូមទាក់ទងទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីស្រង់យកទិន្នន័យច្បាស់លាស់ ជាក់លាក់ ងាយស្រួលដោះស្រាយបញ្ហាជូន។
ការអំពាវនាវរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចទទួលបានព័ត៌មាន ពីការរឹបអូសផ្ទះពីប្រជាពលរដ្ឋ ដែលខ្លះខំប្រឹងសន្សំបង់រំលស់រាប់ឆ្នាំ ប៉ុន្តែដោយសារបញ្ហាសេដ្ឋកិច្ច មិនមានលទ្ធភាពបង់បន្តបាន ក៏ត្រូវបានម្ចាស់បុរីរឹបអូសផ្ទះយកវិញ។

ថ្លែងក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា សម្តេច ប្រគល់ការងារនេះឲ្យឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្រង់តួលេខដើម្បីឲ្យសម្តេចដឹងថា តើមនុស្សប៉ុន្មាននាក់ត្រូវបានគេរឹបអូសផ្ទះ ហើយម្នាក់ៗត្រូវបង់ឲ្យគេប៉ុន្មានរួចហើយគេរឹបអូស។ សម្តេចបានប្រាប់ឲ្យពលរដ្ឋដែលត្រូវម្ចាស់បុរីរឹបអូសទាំងអស់ ទៅទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទំនាក់ទំនងគ្នាងាយស្រួល។
បើតាមសម្តេចតេជោ ការស្រង់បញ្ជីឈ្មោះអ្នកដែលត្រូវគេរឹបអូសផ្ទះនេះ គឺជាផ្នែកមួយនៃយុត្តិធម៌សង្គម ដែលសម្តេចត្រូវតែពិនិត្យ ព្រោះការរឹមអូសខ្លះឆៅៗពេក ដែលបង្កើតឲ្យមានទឹកភ្នែកសម្រាប់ប្រជាពលរដ្ឋ។
ក្នុងនោះដែសរសម្តេចតេជោ ហ៊ុន សែន ស្នើទៅម្ចាស់បុរីឲ្យរៀបចំការបង់ប្រាក់រំលោះឡើងវិញ ដើម្បីសម្រួលម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ ហើយបញ្ចៀសបានការរឹបអូសផ្ទះ។ សម្តេចក៏បានស្នើឱ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយពិនិត្យ និងសម្រួលលើការបង់រំលោះផ្ទះនៅតាមបុរីផងដែរ៕



