តាកែវ ៖ បុរសចំណាស់ម្នាក់រងរបួសធ្ងន់ធ្ងរ កៀបបែកដៃឆ្វេង សន្លប់ឈឹង ខណៈដែលអង្គុយនៅរោងលក់ខោអាវតាមចិញ្ចើមផ្លូវសុខៗ ស្រាប់តែមានរថយន្តកូរ៉េដឹកជ្រូក អ្នកបើកបរងោកមួយភាំងរេចចង្កូតបុកចូល បណ្តាលឲ្យរងខូចខាតបាក់បែកខ្ទេច កៀបមនុស្ស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ១០៦ ខាងកើតផ្សារត្រាំខ្នារ ស្ថិតក្នុង ភូមិពាំងឫស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស កង់១០ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3020 ដឹកជ្រូកមកពីប្រទេសវៀតណាម គោលដៅឆ្ពោះទៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណៈដែលកំពុងបើកតាមបណ្តោយផ្លូវ១០៦ ពីកើតទៅលិច ដល់ចំណុចកើតហេតុ អ្នកបើកបរងោកមួយភាំងរេចង្កូតបុករះចូលរោងលក់ខោអាវ នៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសម្នាក់កៀបបែកដៃឆ្វេង សន្លប់ឈឹងនៅកន្លែង រោងលក់ដូរខ្ទេចអស់ ទាំងរុឺម៉កម៉ូតូផង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមណ្ឌលសុខភាពត្រាំខ្នារ រួចដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ។ ចំណែករថយន្ត និងអ្នកបើកបរ សមត្ថកិច្ចឃាត់ នាំយកទៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.