ភ្នំពេញ  ៖ ជាងជួសជុលបរិក្ខាអគ្គិសនី២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តឡិចសុីស RX300បើកបុក បណ្តាលឲ្យរងរបួស ត្រូវបានរថយន្តគ្លីនិកឯកជន ព្រហ្មវិហារ ដឹកយកទៅ ប្រហែល២ម៉ោង បានស្លា.ប់ជនរងគ្រោះថ្នាក់ ខាងគ្លីនិកទាមទារឲ្យបង់សេវា៥០០ដុល្លារ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងក្នុងភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ បាន ស្លាប់ មាន ឈ្មោះ  វង់ វាសនា  ភេទ ប្រុស  អាយុ ២៧ឆ្នាំ  មុខ របរ   ជាង ជួសជុល បរិក្ខាអគ្គិសនី  ស្នាក់ នៅ ក្នុងភូមិ ជម្ពូវ័ន ២  សង្កាត់ ចោមចៅ ទី៣ ខណ្ឌ ពោធិ៍ សែនជ័យ  មានស្រុក កំណើត នៅឯ ខេត្ត កំពត  ។ ជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ហេង ហួរ អាយុ២៦ឆ្នាំ មុខរបរ ស្នាក់នៅជាមួយគ្នា ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកឡិចសុីស RX300 ពណ៌ស ពាក់ ស្លាក លេខ  ភ្នំពេញ 2BH-7620 បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកម៉ូតូ របស់ជនរងគ្រោះ ហុងដាឌ្រីម ពណ៌ខ្មៅ  ពាក់ ស្លាក លេខ  ព្រៃវែង 1B-4752 ជិះឌុបគ្នាពីលិចទៅកើត បណ្តាលឲ្យរងរបួស២នាក់ ត្រូវបានរថយន្តគ្លីនិកឯកជនព្រហ្មវិហារ នៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដឹកជនរងគ្រោះលួចលាក់យកទៅ ជាអកុសលប្រហែល២ម៉ោងក្រោយ ជនរងគ្រោះម្នាក់ឈ្មោះ គង់ វាសនា បានស្លាប់ ត្រូវបានខាងគ្លីនិកទាមទារឲ្យភាគីខាងជន រងគ្រោះបង់ថ្លៃសេវា ទាំងថ្លៃដឹក ទាំងថ្លៃថ្នាំពេទ្យ ចំនួន៥៣៥ដុល្លារ ចុះតម្លៃសល់ ៥០០ដុល្លារ។ ក្រោយហេតុការណ៍ភ្លាមៗខាងរថយន្តគ្លីនិកបានដឹកសពយក ទៅមន្ទីរពេទ្យ ព្រះកុសុមៈ តែខាងមន្ទីរពេទ្យមិនទទួល ។

ចំណែករថយន្តបង្កក្រោយបើកបុកហើយព្យាយាមបើករត់គេចទៅដល់ ភូមិសាស្ត្រ ខណ្ឌកំបូល ត្រូវសមត្ថកិច្ចដេញតាមឃាត់បាន រួបប្រគល់ឲ្យការិយាល័យចរាចរណ៍ ជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

កន្លងមកមហាជន ធ្លាប់បានរិះគន់ រថយន្តគ្លីនិកឯកជនមួយចំនួនគ្មានបច្ចេសទេស សង្គ្រោះបឋម ចេញដឹក យក ជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់ ហើយទារលុយថ្លៃសេវាពីភាគីរងគ្រោះថែមទៀត បើទោះជាក្រសួងសុខាភិបាលបាន ប្រកាសហាមឃាត់ក្តី៕

អត្ថបទ៖តាតុង សែនជ័យ

Share.