កំពង់ស្ពឺ ៖ នារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកបេតុងបើកបុកម៉ូតូហុងដាឌ្រីម ក្នុងដំណើរច្រាសទិសគ្នា ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ ៩៣-៩៤ ត្រង់ចំណុចភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ សយ ចន្ធី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ រថយន្តដឹកបេតុង ម៉ាកSANY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-3832 បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ បុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JI-1690 ជិះដោយនារីរងគ្រោះ ច្រាសទិសគ្នា ក្នុងបំណងឆ្ពោះទៅធ្វើការងារ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូកិនខ្ទេចមួយកំណាត់មុខ អ្នកបើកបររថយន្តឃើញឱកាសស្ងាត់ ចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យប្រគល់សពជូនក្រុមគ្រួសារ រីឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.