ឧត្តរមានជ័យ ៖ រថយន្តសណ្តោងរុឺម៉កដឹកអំបិលមួយគ្រឿង បើកមកពីប្រទេសថៃ តាមច្រកជាំស្រងាំ ចុះពីលើភ្នំដងរ៉ែក ហ្វ្រាំងមិនជាប់បោលលឿនរេចង្កូតក្រឡាប់កៀបស្លាប់ជនជាតិថៃ២នាក់ប្តីប្រពន្ធ ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៦៦ ចំណោតចុះពីលើភ្នំដងរ៉ែក ចំណុចរូបសំណាកលោកយាយម៉ៅ ក្នុងភូមិជើងភ្នំ ឃុំបឹងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តខាងលើ ម៉ាកហុីណូ អូសសណ្តោងរុឺម៉ក ដឹកអំបិល មកពីប្រទេសថៃ អ្នកបើកបរ និងអ្នករួមដំណើរ ជាប្តីប្រពន្ធ ជនជាតិថៃ ។

ប្រភពបន្តទៀតថា បន្ទាប់ពីរថយន្តដឹកអំបិលបើកឆ្លងចេញតាមច្រកអន្តរជាតិជាំស្រងាំ ចុះពីលើភ្នំដងរ៉ែក តាមផ្លូវជាតិលេខ៦៦ ពីជើងទៅត្បូង (ពីលើចុះក្រោម) ដល់ចំណុចផ្លូវកោង ចំណោតចោតខ្លាំង ហ្វ្រាំងមិនជាប់ បោលកាន់តែលឿន រេចង្កូតក្រឡាប់បោកកៀបស្លាប់ទាំង២នាក់ប្តីប្រពន្ធ ធ្លាក់អំបិលរាយប៉ាយតាមផ្លូវ ។

ក្រោយកើតហេតុ សមត្ថកិច្ចខាងភាគីកម្ពុជា ទៅពិនិត្យជាក់ស្តែង សហការជាមួយខាងភាគីថៃ ដើម្បីប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តត្រូវបានសមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ៕

អត្ថបទ÷តាតុងសែនជ័យ

Share.