ព្រះអង្គម្ចាស់ ព្រះនាម សាវ៉ាង ឬ ស៊ីសាវង្ស វឌ្ឍនា គឺជាព្រះមហាក្សត្រចុងក្រោយបង្អស់នៃប្រទេសឡាវ មានដើមកំណើតរដ្ឋចេញពី «រាជាណាចក្រឡានសាង» ដែលបានកកើតឡើងនៅសតវត្សរ៍ទី១៤ នៃគ.ស.ដោយព្រះចៅហ្វាងុម។ នគរលានជាង ឬ ឡានសាង រីកចម្រើនរហូតដល់សតវត្សរ៍ទី១៨ នៃ គ.ស. តែត្រូវបែកបាក់ជា៣ រហូតចុងក្រោយត្រូវសៀមត្រួតត្រាមួយរយៈ។
ព្រះអង្គម្ចាស់ សាវ៉ាង ឬ ស៊ីសាវង្ស វឌ្ឍនា ប្រសូតនៅក្នុងរាជវាំងមាស នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៨៥ ជាព្រះរាជបុត្រច្បងរបស់ព្រះចៅអធិរាជ Zakarinth និង ព្រះមហេសីទី២របស់ទ្រង់ គឺ ម្ចាស់ក្សត្រីយ៍ Thong-sy។

ក្នុងវ័យកុមារភាព ព្រះអង្គម្ចាស់ សាវ៉ាង ឬ ស៊ីសាវង្ស វឌ្ឍនា ត្រូវបានបញ្ជូនទៅសិក្សានៅប្រទេសបារាំង រហូតបានបញ្ចប់ការសិក្សាផ្នែកនយោបាយ ដោយទទួលសញ្ញាប័ត្រពីវិទ្យាស្ថាននយោបាយ École Libre des Sciences Politiques នៅទីក្រុងប៉ារីស (បច្ចុប្បន្នមានឈ្មោះថា Sciences Po) ជាបណ្ឌិតសភាឥស្សរជនសម្រាប់អ្នកការទូតបារាំង។ អស់រយៈពេល ១ទស្សវត្សរ៍ក្រោយមក ព្រះអង្គ សាវ៉ាង ឬ ស៊ីសាវង្ស វឌ្ឍនា បានត្រឡប់មកមាតុភូមិវិញ ប៉ុន្ដែគ្រានោះការនិយាយស្ដីជាភាសាជាតិមានភាពខ្វះខាត ដូច្នេះទ្រង់ត្រូវតែរៀនភាសា និង អក្សរសាស្រ្តឡើងវិញ។
ព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិនៅឆ្នាំ១៩៥៩ បន្ទាប់ពីការសោយទីវង្គត់របស់ព្រះបិតាទ្រង់ ក្រោយមកព្រះអង្គត្រូវបានគេបង្ខំឲ្យដាក់រាជ្យ បន្ទាប់ពីចលនាកុម្មុយនិស្ដប៉ៈថេតឡាវ ដែលមានការគាំទ្រពីសហព័ន្ធរុស្ស៊ី និងវៀតណាមខាងជើង បានទទួលជ័យជម្នះលើរដ្ឋាភិបាលរាជានិយមនៅឆ្នាំ១៩៧៥។ ក្រោយពីត្រូវបង្ខំឲ្យដាក់រាជ្យ ព្រះអង្គ រួមទាំងក្រុមគ្រួសាររាជវង្សរបស់ព្រះអង្គ ត្រូវបានបញ្ជូនទៅជំរុំអប់រំនៅខែមីនា ឆ្នាំ១៩៧៧ ហើយបន្ទាប់ពីនោះការពិតនៃជោគវាសនារបស់ពួកទ្រង់ គឺត្រូវបានគេធ្វើគត់។

ព្រះអង្គម្ចាស់ សាវ៉ាង ឬ ស៊ីសាវង្ស វឌ្ឍនា បានរៀបអភិសេកជាមួយម្ចាស់ក្សត្រី ខាំភូយ នៅឆ្នាំ១៩៣០ ទ្រង់មានបុត្រចំនួន ៦នាក់ គឺ៖
១) ព្រះអង្គម្ចាស់ វង្ស សាវ៉ាង
២) ព្រះអង្គម្ចាស់ ស៊ីសាវង្ស សាវ៉ាង
៣) ព្រះអង្គម្ចាស់ សាវ៉ាង
៤) ព្រះអង្គម្ចាស់ ស៊ូយ៉ាងវង្ស សាវ៉ាង
៥) ព្រះនាង សាវីវ៉ាញ សាវ៉ាង
៦) ព្រះនាង ថាឡា សាវ៉ាង
ព្រះមហាក្សត្រ សាវ៉ាង ឬ ស៊ីសាវង្ស វឌ្ឍនា មានជំនឿលើសាសនា ទ្រង់បានប្រើតួនាទីយ៉ាងម៉ីងម៉ាត់ ក្នុងនាមជាអ្នកការពារសាសនាព្រះពុទ្ធ។
បើតាមប្រវត្តិសាស្រ្តបានបញ្ជាក់ថា កាលពីសម័យឡើងសោយរាជ្យរបស់ព្រះអង្គ សាវ៉ាង ឬ ស៊ីសាវង្ស វឌ្ឍនា នាឆ្នាំ១៩៥៩ ទ្រង់មិនដែលបានឡើងគ្រងរាជ្យជាផ្លូវការនោះទេ ដោយត្រូវពន្យាពេលការឡើងគ្រងរាជ្យរហូតដល់ចុងបញ្ចប់នៃសង្រ្គាម។

គួររំលឹកថា នៅសតវត្សរ៍ទី១៩ដែនដីនេះ បានត្រូវដាក់បញ្ចូលក្នុងអាណាព្យាបាលបារាំងសែសនៅឥណ្ឌូចិន។ នៅក្រោមអាណាព្យាបាលបារាំង ទីក្រុង វៀងច័ន្ទ បានក្លាយជារដ្ឋធានីរបស់រដ្ឋបង្រួបបង្រួមឡាវ។ ឆ្លងកាត់ការកាន់កាប់ពីសំណាក់កងទ័ពជប៉ុនក្នុងសង្គ្រាមលោកលើកទី២ បានមួយរយៈខ្លីប្រទេសឡាវបានប្រកាសឯករាជ្យនៅឆ្នាំ១៩៤៥។ ប៉ុន្តែជាអកុសលអាណាព្យាបាលបារាំង បានត្រឡប់មកកាន់កាប់ដែនដីនេះវិញរហូតដល់ឆ្នាំ១៩៥០។ ប្រទេសឡាវបានទទួលឯករាជ្យពេញលេញនៅឆ្នាំ១៩៥៤ដោយប្រកាន់របបរាជានិយអាស្រ័យរដ្ឋធម្មនុញ្ញ។
ក្នុងសម័យសង្គ្រាមវៀតណាម តំបន់ភាគខាងកើតរបស់ប្រទេសឡាវ ធ្លាក់ក្រោមការកាន់កាប់ពីសំណាក់កងទ័ពវៀតណាមខាងជើង ធ្វើជាមូលដ្ឋានដឹងងជញ្ជូនសព្វាវុធ និងស្បៀងអាហារទៅឲ្យកងទ័ព ដើម្បីតទល់នឹងកងទ័ពវៀតណាមខាងត្បូង។ ជាការឆ្លើយតបអាមេរិកបានបើកយុទ្ឋនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងវៀតណាមខាងជើងដើម្បីប្រឆាំងរបបកុម្មុយនិស្ត។ នៅទីបំផុតរដ្ឋប្រហារបានកើតឡើងជាបន្តបន្ទាប់ ហើយសង្គ្រាមស៊ីវិលរវាងរាជរដ្ឋាភិបាលឡាវ និងចលនាកុម្មុយនិស្ត «ប៉ៈថេតឡាវ» បានចាប់ផ្ដើម។

នៅក្នុងសង្គ្រាមស៊ីវិលនេះកងទ័ពវៀតណាមខាងជើង ស្ថិតពីក្រោយខ្នងពួកប៉ៈថេតឡាវ។ នៅឆ្នាំ១៩៦៨ កងទ័ពវៀតណាមខាងជើង ជាមួយនឹងអាវុធទំនើបៗ បានបើកការវាយប្រហារមកលើកងទ័ពឡាវព្រមទាំងដាក់ពង្រាយទ័ពមួយផ្នែកធំ នៃផ្ទៃប្រទេសជំរុញឲ្យមានការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំពីសំណាក់អាមេរិក ដើម្បីកម្ទេចមូលដ្ឋានទ័ពវៀតណាមខាងជើង ក្នុងប្រទេសឡាវ និងដើម្បីកាត់ផ្ដាច់ផ្លូវលំ ហូជីមិញ។
យោងតាមរបាយការណ៍បានឲ្យដឹង ការទម្លាក់គ្រាប់បែករបស់អាមេរិក នៅលើទឹកដីនៃប្រទេសឡាវពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣ ច្រើនជាងគ្រាប់បែកដែលទម្លាក់នៅទូទាំងពិភពលោក ក្នុងអំឡុងសង្គ្រាមលោកលើកទី២ សរុបចំនួន២លានតោន។
នៅទីបំផុតនៅឆ្នាំ១៩៧៥ ចលនាកុម្មុយនិស្ត «ប៉ៈថេតឡាវ» ដែលមានការគាំទ្រពីសហព័ន្ឋរុស្ស៊ី និងវៀតណាមខាងជើង បានទទួលជ័យជម្នះលើរដ្ឋាភិបាលរាជានិយម បង្ខំឲ្យព្រះរាជាដាក់រាជ្យក្រោយមកព្រះអង្គត្រូវបានគេធ្វើគត់។ យ៉ាងណាម៉ិញ រឿងរ៉ាវខ្សែរាជវង្សរបស់ស្ដេចឡាវអង្គនេះ បានស្ងប់ស្ងាត់ និងមិនដឹងច្បាស់ទេថា តើនៅមានខ្សែរាជវង្សអង្គណា នៅរស់រានមានជីវិតដែរ ឬក៏អត់ ខណៈប្រភពមួយចំនួនលើកឡើងថា បានសុគត និង ពិរាល័យ ទាំងអស់។
ក្រោមការដឹកនាំ នៃរដ្ឋាភិបាលប៉ៈថេតឡាវ ប្រទេសឡាវ បានលុបបំបាត់របបរាជានិយមព្រមទាំងប្រែឈ្មោះថ្មីថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា ដែលផ្តល់ឲ្យវៀតណាម នូវការចងសម្ព័ន្ធភាពដ៏រឹងមាំបំផុតរវាងប្រទេសជិតខាងទាំង២នេះ។
បច្ចុប្បន្ន ប្រទេសឡាវ ដែលមានប្រជាជនរស់នៅប្រមាណជាជាង ៧លាននាក់ ស្ថិតក្រោមការដឹកនាំដោយប្រធានាធិបតី និង នាយករដ្ឋមន្រ្តី៕
ប្រភព៖ Frommers & Wikipedia

