ភ្នំពេញ ៖ បុរសម្នាក់ទើបតែប្រមូលលុយតុងទីនបានមិនទាន់ទាំងយកឲ្យប្រពន្ធទុកដាក់ផង មិនស្រួលខ្លួនក៏ឆ្លៀតចូលផ្ទះកោសជប់ កោសពីមុខរួច ដេកផ្កាប់មុខជប់ពីក្រោយ ជាឱកាសល្អ នាងៗម៉ាស្សា ឆ្លៀតឱកាសលួចលុយពីក្នុងកាបូបអស់២២០០ដុល្លារ ដូរបានមកវិញលុយដុល្លារក្រដាសសែនខ្មោច។ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅផ្ទះម៉ាស្សា តាមផ្លូវជាតិលេខ៤ គល់ស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ប៉ុន្តែភ្លាមៗបុរសជាជាងជួសជុលម៉ូតូរូបនេះ មិនបានដឹងរឿងនោះឡើយ រហូតដល់ព្រឹកឡើងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៣ រៀបចំ យកលុយឲ្យប្រពន្ធ បើកកាបូបមើល ពុទ្ធោ សុទ្ធតែក្រដាសដុល្លារសែនខ្មោច មានតែរត់ទៅប្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីឲ្យជួយស្រាវជ្រាវ ។

បុរសដែលអះអាងថាបាត់លុយនោះមាន ឈ្មោះ សុខ ជាង ហៅជាងអូន អាយុ២៧ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួល ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើត ភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លុយបាត់បង់អស់ចំនួន២២០០ដុល្លារ(ពីរពាន់ពីររយ ដុល្លារ)។
តាមការរៀបរាប់ពីបុរសខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ប្រពន្ធបានដេញតុងទីន ដើរប្រមូលលុយបានចំនួន៣៥០០ដុល្លារ ហើយនៅវេលាម៉ោង៨និង៣០នាទីយប់ មិនស្រួលខ្លួន ពេលដែលធ្វើដំណើរឆ្លងកាត់ ស្ពានអាកាសចោមចៅ ឆ្ពោះទៅផ្ទះជួលនោះ ក៏ឆ្លៀតចូលផ្ទះម៉ាស្សាមួយកន្លែង ជាប់ស្ពានអាកាស ក្នុងបំណងឲ្យគេកោសជប់។ គ្រាដែលជប់ពីមុខហើយ ដេកផ្កាប់មុខដើម្បីជប់ពីក្រោយ រួចរាល់ហើយក៏បន្តដំណើរទៅផ្ទះនៅឯខណ្ឌកំបូល។ រហូតដល់ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ រៀបចំយកលុយតុងទីននោះឲ្យប្រពន្ធទុកដាក់ គ្រាន់តែបើកកាបូបមើល ឃើញសុទ្ធតែក្រដាសសែនខ្មោច ពោលបាត់លុយពិតអស់ចំនួន២២០០ដុល្លារ នៅសល់តែ១៣០០ដុល្លារ ទើបភ្ញាក់ខ្លួន រួចក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។

ក្រោយពីទទួលបានបណ្តឹងពីបុរសខាងលើ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចចុះទៅ តែទីតាំងផ្ទះកោសជប់បានបិទទ្វារគេចអស់។ ករណីនេះ សមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវ៕

អត្ថបទ៖តាតុង សែនជ័យ
