ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃ ច័ន្ទ សប្ដាហ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹង «ចាប់ដៃគ្នា» ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគោលដៅរួមគ្នារបស់ពួកគេ ក្នុងការកសាងប្រទេសដ៏មានឥទ្ធិពល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

លោក គីម បានសន្យានៅក្នុងសារមួយផ្ញើទៅកាន់លោក ពូទីន នាឱកាសនៃការប្រារព្ធពិធីបុណ្យជាតិរបស់រុស្ស៊ី ព្រមជាមួយការបង្ហាញការគាំទ្រដល់សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន ក៏ដូចជាបង្ហាញពី «សាមគ្គីភាព និងការគាំទ្រសម្រាប់រុស្ស៉ី» ផងដែរ។
លោក Kim បាននិយាយនៅក្នុងសារដែលចេញផ្សាយដោយ KCNA ថា «យុត្តិធម៌ គឺប្រាកដថានឹងឈ្នះ ហើយប្រជាជនរុស្ស៊ីនឹងបន្តបន្ថែមភាពអស្ចារ្យទៅក្នុងប្រវត្តិសាស្រ្តនៃជ័យជម្នះ»។

លោក Kim បានអំពាវនាវឲ្យមាន កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយទីក្រុងមូស្គូ រួមទាំងចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ីឲ្យកាន់តែរឹងមាំ ដោយអនុលោមតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំង២ ដើម្បីសម្រេចបាននូវគោលដៅធំនៃការកសាងប្រទេសដ៏មានឥទ្ធិពលមួយ។

កូរ៉េខាងជើងបានព្យាយាមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងបង្ហាញការគាំទ្រដល់ទីក្រុងមូស្គូ បន្ទាប់ពីលោក ពូទីន បានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំមុន ដោយបានបន្ទោសលើ «គោលនយោបាយអនុត្តរភាព» និង «ការលូកដៃ» របស់សហរដ្ឋអាមេរិក និងលោកខាងលិច បង្កឲ្យសង្រ្គាមផ្ទុះឡើងដោយសារតែមហិច្ឆតាចង់គ្រប់គ្រងពិភពលោកទាំងមូល៕

