
សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម កំពុងស្ថិតនៅក្នុងការពិភាក្សា និងអនុម័តដោយស្ថាប័នរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញឡើងការពារសេចក្ដីព្រាងច្បាប់នេះ។ សេចក្ដីព្រាងច្បាប់នេះ នេះ១២ជំពូក និង១៨២មាត្រា ហើយមានគោលដៅ និងគោលបំណងសំខាន់ៗយ៉ាងហោចណាស់៥។
គោលដៅ និងគោលបំណងសំខាន់ៗទាំង៥នៃសេចក្ដីព្រាងច្បាប់នេះ រួមមាន៖
ទី១-ធានាឱ្យមានការចុះបញ្ជីអត្រានុកូលដ្ឋានជាកាតព្វកិច្ច ជាសកលដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី២-ធានាឱ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៣-ធានាថាការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៤-ធានាឱ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល។
ទី៥-ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើន នៃសង្គម។

ដោយឡែកជំពួកទាំង១២នៃសេចក្ដីព្រាងច្បាប់នេះវិញ រួមមាន៖
ជំពូកទី១ ស្ដីពីបទប្បញ្ញត្តិទូទៅ
ជំពូកទី២ ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន
ជំពូកទី៣ ស្ដីពីស្ថិតិអត្រានុកូលដ្ឋាន
ជំពូកទី៤ ស្ដីពីការចុះបញ្ជីស្នាក់នៅ
ជំពូកទី៥ ស្ដីពីការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
ជំពូកទី៦ ស្ដីពីប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន
ជំពូកទី៧ ស្ដីពីការប្រើប្រាស់ទិន្នន័យ ការការពារឯកជនភាពបុគ្គល និងសន្តិសុខទិន្នន័យ
ជំពូកទី៨ ស្ដីពីកម្រៃសេវា
ជំពូកទី៩ ស្ដីពីការត្រួតពិនិត្យ និងអធិការកិច្ច
ជំពូកទី១០ ស្ដីពីទោសប្បញ្ញត្តិ
ជំពូកទី១១ ស្ដីពី អន្តរប្បញ្ញត្តិ
ជំពូកទី១២ ស្ដីពី អវសានប្បញ្ញត្តិ។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មានទំនាក់ទំនងជិតស្និតទៅនឹងជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសពាក់ព័ន្ធនឹងការចុះបញ្ជីព្រឹត្តិការណ៍កំណើន ការរៀបអាពាហ៍ពិពាហ៍ និងការទទួលមរណភាព។ បទបញ្ញត្តិកំពុងប្រើប្រាស់បច្ចុប្បន្នបានវិសោធនកម្មច្រើនលើក និងប្រឈមភាពស្មុគស្មាញច្រើន ទើបរាជរដ្ឋាភិបាលរៀបចំសេចក្ដីព្រាងច្បាប់នេះ។ នេបើតាមសម្ដេចក្រឡាហោម ថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់នេះ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារតាក់តែងសេចក្ដីច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានដឹកនាំ សហការ សម្របសម្រួលបំពេញភារកិច្ចតាក់តែងច្បាប់យ៉ាងល្អ ពិសេសការរៀបចំកិច្ចប្រជុំ សិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើក រហូតរៀបចំបានសេចក្ដីព្រាងច្បាប់ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ៕
