គិតចាប់ពីថ្ងៃចាប់ផ្ដើមចម្រាញ់រ៉ែមាសដំបូងនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ដើមខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាបានចម្រាញ់រ៉ែមាសសរុបចំនួន ៦ ៧២៧ គីឡូក្រាម ឬជាង៦តោន ក្នុងនោះរដ្ឋ បានរកចំណូលសួយសារពីក្រុមហ៊ុនវិនិយោគសរុបទឹកប្រាក់ជាង១០លាន២សែនដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយដោយក្រសួងរ៉ែ និងថាមពល បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅកាន់ក្រុមហ៊ុនជីក និងចម្រាញ់រ៉ែមាស ដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងរ៉ែ និងថាមពល បានចាត់ទុកលទ្ធផលនៃការចម្រាញ់រ៉ែមាសនេះ ថាជាមនុញ្ញផលកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិជូនជាតិមាតុភូមិ ជាកត្តាចាំបាច់បំផុតមិនអាចខ្វះបានក្នុងការអនុញ្ញាតឱ្យមានក្រុមហ៊ុនវិនិយោគទ្រង់ទ្រាយធំក្នុងវិស័យធនធានរ៉ែ។ បើតាមក្រសួងរ៉ែ សមិទ្ធផលនេះក៏បាននាំមកនូវលំហូរវិនិយោគពីក្រៅប្រទេស បង្កើតកាសការងារ ពង្រឹងសេដ្ឋកិច្ច និងការធ្វើពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុកផងដែរ។

សូមបញ្ជាក់ថាបច្ចុប្បន្ន ក្រុមហ៊ុន Renaissance Minerals កំពុងប្រតិបត្តិការចម្រាញ់រ៉ែមាសនៅតំបន់អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនអន្តរជាតិដំបូងគេដែលបានវិយោគលើវិស័យរ៉ែមាសនៅកម្ពុជា។ ក្រុមហ៊ុននេះ បាននិយោគទឹកប្រាក់ប្រមាណ១២០លានដុល្លារអាមេរិក មានសមត្ថភាពជីកយករ៉ែឆៅប្រមាណ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព៩០ភាគរយ បានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ មានជនជាតិខ្មែរជាង៣ពាន់នាក់កំពុងធ្វើការនៅក្នុងក្រុមហ៊ុននេះ ក្នុងចំណោមអ្នកធ្វើការសរុបជាង៤ពាន់នាក់៕

Share.