ការរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងការិយាល័យបោះឆ្នោតចំនួន៤៧ នៅទូទាំងប្រទេសបានដំណើរការដោយគ្មានបញ្ហាអ្វីឡើយកាលពីថ្ងៃអាទិត្យ ដោយលទ្ធផលដំបូងបង្ហាញថាមិនមានការផ្លាស់ប្តូរ ឬ ភាពខុសគ្នាចំពោះលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នាថ្ងៃ អាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីបានរកឃើញភាពមិនស៊ីគ្នារវាងចំនួនសន្លឹកឆ្នោតសរុប និង ចំនួនអ្នកទៅបោះឆ្នោតនៅក្នុងការបោះឆ្នោត ជាពិសេសការិយាល័យចំនួន៦ ក្នុងចំណោមការិយាល័យទាំង ៤៧កន្លែង រកឃើញភាពមិនស៊ីគ្នាក្នុងលទ្ធផលបោះឆ្នោតនាពេលកន្លងមកនេះ ត្រូវបានកត់ត្រានៅក្នុងទីក្រុងបាងកក។

ទូរទស្សន៍ Nation TV រាយការណ៍ថា ការិយាល័យទាំង៦ នៅទីក្រុងបាងកក បានចាប់ផ្តើមការរាប់សន្លឹកឆ្នោតឡើងវិញនៅមុនថ្ងៃត្រង់ ដោយមានគណៈកម្មាធិការការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសង្កេតការណ៍សាធារណៈ ដើម្បីប្រុងប្រយ័ត្នចំពោះការក្លែងបន្លំណាមួយ។

នៅឯការិយាល័យបោះឆ្នោតលេខ៥ របស់ទីក្រុងបាងកក សន្លឹកឆ្នោតដែលមិនបានរាប់ពីមុនចំនួន២ ត្រូវបានរកឃើញ ដែលនាំឲ្យចំនួនសន្លឹកឆ្នោតសរុបត្រូវបានរាប់ដូចគ្នាទៅនឹងចំនួនអ្នកទៅបោះឆ្នោត។

សន្លឹកឆ្នោតដែលបាត់នោះ គឺសម្រាប់គណបក្ស United Thai Nation និងគណបក្ស Move Forward ប៉ុន្ដែទោះជាយ៉ាងណា វាមិនប៉ះពាល់ដល់លទ្ធផលសរុបនោះទេ។

ប្រធានការិយាល័យសង្កាត់ Wang Thonglang លោក Krongkran Jeamjeerakul ដែលជាអ្នកមើលការខុសត្រូវលើការរាប់សន្លឹកឆ្នោតឡើងវិញ បាននិយាយថា គេមិនបានដឹងអំពីមូលហេតុដែលសន្លឹកឆ្នោតទាំង២ ត្រូវបានខកខានក្នុងការរាប់លើកដំបូងនោះទេ។ ទន្ទឹមនឹងនេះ សន្លឹកឆ្នោតទាំង៣៧ ដែលបាត់នៅការិយាល័យបោះឆ្នោតលេខ១ របស់ទីក្រុងបាងកក ក៏ត្រូវបានរកឃើញនៅក្នុងការរាប់ឡើងវិញផងដែរ។

លោក Pongjakarin Thawornphong នាយកសាលាខណ្ឌ Pom Prap Sattru Phai បាននិយាយថា កំហុសក្នុងការរាប់លើកទី១ អាចបណ្តាលមកពីគណៈកម្មាធិការការិយាល័យបោះឆ្នោត បានបោះឆ្នោតម្តងទៀតក្នុងអំឡុងពេលរាប់។ សំឡេង​ឆ្នោត​បន្ថែម​ចំនួន ៣៧ មិន​មាន​ឥទ្ធិពល​លើ​លទ្ធផល​ដើម​ឡើយ។

សូមជម្រាបថា ការិយាល័យនៅក្នុងខេត្តផ្សេងទៀត ក៏បានចាប់ផ្តើមរាប់ឡើងវិញផងដែរ ដោយលទ្ធផលដែលបានធ្វើបច្ចុប្បន្នភាពរួចហើយ ត្រូវបានរំពឹងទុកនឹងប្រកាសសម្រេចយកនៅក្នុងខែនេះ៕

ប្រភព៖ The Nation Thailand

Share.