ភ្នំពេញ ៖ បុរសម្នាក់ទើបតែប្រមូលលុយតុងទីនបាន មិនទាន់ទាំងយកឲ្យប្រពន្ធទុកដាក់ផង មិនស្រួលខ្លួនក៏ឆ្លៀតចូលផ្ទះកោសជប់ ជិតគល់ស្ពានអាកាសចោមចៅ ជាឱកាសល្អនាងៗម៉ាស្សា ឆ្លៀតលួចលុយពីក្នុងកាបូបអស់២២០០ដុល្លារ ដោយដូរមកវិញលុយដុល្លារក្រដាសសែនខ្មោច ។

តាមការរៀបរាប់ពីបុរសខាងលើបានឲ្យដឹងថា កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ប្រពន្ធបានដេញតុងទីន ដើរប្រមូលលុយបានចំនួន៣៥០០ដុល្លារ ហើយនៅវេលាម៉ោង៨និង៣០នាទីយប់ គាត់មិនស្រួលខ្លួន ពេលដែលធ្វើដំណើរឆ្លងកាត់ ស្ពានអាកាសចោមចៅ ឆ្ពោះទៅផ្ទះជួលនោះ ក៏ឆ្លៀតចូលផ្ទះម៉ាស្សាមួយកន្លែង ជាប់ស្ពានអាកាស ក្នុងដើម្បីកោសជប់ រួចរាល់ហើយក៏បន្តដំណើរទៅផ្ទះនៅឯខណ្ឌកំបូល រហូតដល់ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ រៀបចំយកលុយតុងទីននោះឲ្យប្រពន្ធទុកដាក់ គ្រាន់តែបើកកាបូបមើល ឃើញសុទ្ធតែក្រដាសសែនខ្មោច ពោលបាត់លុយពិតអស់ចំនួន២២០០ដុល្លារ នៅសល់តែ១៣០០ដុល្លារ ទើបរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។

បុរសរងគ្រោះមាន ឈ្មោះ សុខ ជាង ហៅជាងអូន អាយុ២៧ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួល ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើត ភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លុយបាត់បង់អស់ចំនួន២២០០ដុល្លារ(ពីរពាន់ពីររយ ដុល្លារ)។

ក្រោយពីទទួលបានបណ្តឹងពីបុរសខាងលើ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចចុះទៅ តែទីតាំងផ្ទះកោសជប់បានបិទទ្វារគេចអស់ហើយ សមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងដែនជ័យ

Share.