ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ដើរទៅមុខផ្ទះរកអ្វីហូប ជាចៃដន្យទៅប៉ះនឹងមុខតំណខ្សែភ្លើង បណ្តាលឲ្យឆក់ស្លឹកត្រចៀក ដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង៦និង៣៥នាទីព្រលប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅខាងមុខផ្ទះខ្លួនឯង ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងរងគ្រោះមាន ឈ្មោះ បេ ប៉េងហុក ហៅ គឹមហុង អាយុ១៣ឆ្នាំ ជាសិស្សសាលា រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅចំណុចកើតហេតុខាងលើ។

តាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលឪពុកម្តាយរវល់តែនៅខាងក្នុង ក្មេងរងគ្រោះហេវ ក៏ដើរទៅទូដាក់របស់របរខាងមុខផ្ទះរកអ្វីហូប ចៃដន្យស្លឹកត្រចៀកប៉ះមុខតំណខ្សែភ្លើង ដែលរុំស្កុតមិនជិត ដាក់អំពូលបំភ្លឺលើទូ បណ្តាលឲ្យឆក់រងរបួសធ្ងន់ ភ្លាមៗ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅជួយអន្តរាគមន៍ដឹកក្មេងរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា តាមការស្នើសុំពីក្រុមគ្រួសារ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.