អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃច័ន្ទ សប្ដាហ៍នេះថា បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថាចាប់ដៃជាមួយលោក ពូទីន នឹងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃច័ន្ទ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា លោក គីម បានសន្យានៅក្នុងសារមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាសនៃការប្រារព្ធពិធីបុណ្យជាតិរបស់រុស្ស៊ី។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា លោក Kim បានអំពាវនាវឲ្យមាន កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ជាមួយទីក្រុងមូស្គូ រួមទាំងចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ីឲ្យកាន់តែរឹងមាំ ដោយអនុលោមតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំង២ ដើម្បីសម្រេចបាននូវគោលដៅធំនៃការកសាងប្រទេសដ៏មានឥទ្ធិពល។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ទោះបីជាទីក្រុងព្យុងយ៉ាងបដិសេធថា ខ្លួនមិនបានលក់អាវុធឲ្យរុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែនក៏ដោយ សហរដ្ឋអាមេរិកបានបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ចប់ការចែកចាយអាវុធ រួមទាំងគ្រាប់រ៉ុក្កែត ទ័ពថ្មើរជើង និងកាំជ្រួចទៅឲ្យក្រុមទាហានស៊ីឈ្នួល Wagner ដែលគាំទ្រដោយវិមានក្រឹមឡាំង កាលពីខែវិច្ឆិកា ឆ្នាំ២០២២។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា «យើងមានការព្រួយបារម្ភថា កូរ៉េខាងជើងកំពុងរៀបចំផែនការបញ្ជូនសម្ភារៈយោធាបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី» ដោយប្រើអក្សរកាត់នៃឈ្មោះផ្លូវការរបស់កូរ៉េខាងជើង។

កូរ៉េខាងជើងបានព្យាយាមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និង គាំទ្រទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីឆ្នាំមុន ដោយបានបន្ទោសលើ «គោលនយោបាយអនុត្តរភាព» និង «ការលូកដៃ» របស់សហរដ្ឋអាមេរិក និងលោកខាងលិច។

សហរដ្ឋអាមេរិកបាននិយាយកាលពីខែមីនា ថា ខ្លួនមានព័ត៌មានថ្មីថា រុស្ស៊ីកំពុងស្វែងរកយ៉ាងសកម្មក្នុងការទទួលបានអាវុធបន្ថែមពីកូរ៉េខាងជើង ជាថ្នូរនឹងជំនួយស្បៀងអាហារ។
យ៉ាងណាម៉ិញ កាលពីខែមីនា ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើបុរសជនជាតិស្លូវ៉ាគី ម្នាក់ ដែលខ្លួនបាននិយាយថា បានព្យាយាមរៀបចំការលក់អាវុធរបស់កូរ៉េខាងជើង ២ប្រភេទទៅឲ្យរុស្ស៊ី ដើម្បីជួយក្រុងម៉ូស្គូ ជំនួសឧបករណ៍យោធាដែលបាត់បង់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន៕

