ភ្នំពេញ ៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នារីអនិកជនខ្មែរម្នាក់រស់នៅប្រទេសញ៉ូវសាឡេន ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ រឿងស៊ីដាច់លុយរត់ការឯកសារឲ្យទៅរៀននៅក្រៅប្រទេស និងប្រើប្រាស់ឯកសារក្លែង។

នារីជនសង្ស័យរូបនោះមានឈ្មោះ ហេង ស៊ូសាន ភេទស្រីអាយុ២៦ ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន RHF STORE លក់ថ្មម៉ាប មានស្រុកកំណើតនៅខេត្តកំពង់ចាម ទីលំនៅសព្វថ្ងៃរស់នៅប្រទេសញ៉ូវសាឡេន។ដោយជនសង្ស័យបានរងនូវការចោទប្រកាន់រឿងយកប្រាក់ចំនួន ៦៤៤៦៤ ដុល្លារ ដើម្បីរត់ការនាំកូនដើមបណ្តឹងចេញ ទៅរៀននៅប្រទេសអូស្ត្រាលី តែមិនបានសម្រេចហើយក៏ស៊ីដាច់ប្រាក់នោះ ។

សូមបញ្ជាក់ផងដែរថា សំណុំរឿងខាងលើនេះបានស្ថិតនៅលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងបើកការស៊ើបសួរ ដែលការសាកសួរនោះត្រូវបានបញ្ចប់នៅរសៀលថ្ងៃទី១២ ខែមិថុនា ម្សិលនេះ ប៉ុន្តែដោយផុតម៉ោងការងាររដ្ឋបាល តំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្តកិច្ចវិញ តម្រូវឲ្យនាំទៅបន្តនីតិវិធីនៅព្រឹកថ្ងៃទី១៣ បន្តទៀត ៕
អត្ថបទ៖ ចតុមុខ

