រាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនការរឹតបន្តឹងសន្តិសុខនៅតំបន់ព្រំដែនជាមួយប្រទេសវៀតណាម ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី បន្ទាប់ពីមានឃុំចំនួន២ក្នុងខេត្តដាឡាក់នៃប្រទេសក្បែរខាងមួយនេះ បានកើតមានហេតុការណ៍បាញ់ប្រហារមកលើសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍វៀតណាម បណ្ដាលឱ្យស្លាប់៤នាក់ និងរបួសជាច្រើននាក់ទៀត ខណៈពលរដ្ឋនៅតំបន់នោះក៏ត្រូវស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅរោងចក្រមួយចំនួនក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថាឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានចាត់តាំងឱ្យចុះទៅកាន់ខេត្តមណ្ឌលគិរីដើម្បីដឹកនាំកិច្ចសហប្រតិបត្តិការបន្តឹងសន្តិសុខជាមួយភាគីវៀតណាម។

សម្ដេចប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា«មានបញ្ហាសន្តិសុខនៅក្នុងប្រទេសវៀតណាមឯណោះទេ ក៏ប៉ុន្តែយើងក៏ត្រូវតែប្រយ័ត្នជាមួយនឹងការដែលគេ (ឧក្រិដ្ឋជន) រត់ចូលមកប្រទេសរបស់យើង….អ៊ីចឹងបានថាយើងអត់មានប្រហែសបានទេ រឿងសន្តិសុខជាតិប្រហែសអត់បានទេ ព្រោះពួកហ្នឹងវាយគ្រឹបៗបង្កើតជារឿង អ៊ីចឹងយើងត្រូវទំនាក់ទំនងជាមួយខាងវៀតណាមដើម្បីការពារសន្តិសុខ»។

សូមបញ្ជាក់ថា ប៉ូលិសវៀតណាម បានចាប់ខ្លួនសមាជិកក្រុមក្មេងទំនើងចំនួន១០នាក់បន្ថែមទៀត ក្រោយការវាយប្រហារដោយអាវុធលើប៉ុស្តិ៍ប៉ូលិសចំនួន២ក្នុងខេត្តជាប់ព្រំដែនកម្ពុជា នាំឲ្យចំនួនជនសង្ស័យសរុបដែលជាប់ពាក់ព័ន្ធក្នុងការវាយឆ្មក់នេះបានកើនឡើងដល់២៦នាក់ គិតត្រឹមម៉ោង ១១:៣០ព្រឹក ថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នាយប់ថ្ងៃ ចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួង​សន្តិសុខ​សាធារណៈវៀតណាម បាន​ចេញការ​ណែនាំ​ឲ្យ​សមត្ថកិច្ច​ខេត្ត​ដាកឡាក់ និង​កម្លាំង​ពាក់ព័ន្ធ​ផ្សេងទៀត​តាម​ប្រមាញ់​ក្រុម​ក្មេង​ទំនើង​ទាំងនោះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុក Cu Kuin និងតំបន់ជិតខាងរក្សាភាពស្ងប់ស្ងាត់ ហើយអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។ ក្រសួង​ក៏បាន​ជំរុញ​អ្នក​ដែល​ស្គាល់​ក្រុម​ក្មេង​ទំនើង ឬ​មាន​ព័ត៌មាន​អំពី​ក្រុម​ក្មេង​ទំនើង​ទាក់ទង​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដែល​នៅ​ជិត​បំផុត។

បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​វត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ នៅខេត្តមណ្ឌលគិរីនាពេលនេះ គឺដើម្បីសហការជាមួយភាគីវៀតណាមក្នុងការត្រួតត្រាសភាពការណ៍នៅតាមតំបន់ព្រំដែន ដោយបន្ថែមថា«ព្រោះពួកប្រឆាំងនៅខាងវៀតណាមធ្វើសកម្មភាពអាក្រក់អាក្រីនៅទីនោះ រហូតដល់ស្លាប់មនុស្សយ៉ាងច្រើន»៕

Share.