ភ្នំពេញ ៖ បុរស២នាក់បានបាត់បងជីវិត ចំណែកមនុស្ស៥នាក់ទៀតរងរបួស គ្រាដែលវិលត្រឡប់មកពីជូនកូនទៅប្រឡងសាលាកូរ៉េ ជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបែនដឹកដីកង់១០ បើកបុករះម៉ូតូ ម៉ូតូកង់បី កំពុងឈប់ភ្លើងស្តុប កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ចំណុចភ្លើងស្តុបកប់ស្រូវ កែងផ្លូវហាណូយ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះស្លាប់២នាក់បងប្អូនថ្លៃ ឈ្មោះ ឡាត់ លុយ ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ នឿន នាង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់បងប្អូន ជិះម៉ូតូហុងដាឌ្រីម សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-4563 ត្រឡប់មកពីជូនកូនទៅប្រឡងនៅសាលាកូរ៉េវិញ លុះធ្វើដំណើរវិលទៅផ្ទះវិញ តាមផ្លូវកប់ស្រូវ ពីលិចទៅកើត ដល់ចំណុចខាងលើឈប់ភ្លើងស្តុប ស្រាប់តែរថយន្តបែនដឹកដី កង់១០ ម៉ាកហុីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3378 បើកពីលិចទៅកើត បុករះពីក្រោយ កិនជនរងគ្រោះស្លាប់ទាំង២នាក់ ហើយបន្តទៅបុកម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់ របួស៥នាក់ ដែលជិះលើកង់បី របួសធ្ងន់ស្ត្រីម្នាក់ របួសស្រាល៤នាក់ ។

បើតាមក្រុមគ្រួសារនៃសពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និងបងប្អូនចំនួន៦នាក់ ជិះម៉ូតូ៣គ្រឿង វិលត្រឡប់មកពីជូនកូន ប្រលងនៅសាលាកូរ៉េ ជិះទៅផ្ទះ ពីលិចទៅកើត ដល់ចំណុចខាងលើឈប់ភ្លើងស្តុប ស្រាប់តែរថយន្តបង្កបើកបុករះ កិនម៉ូតូជនរងគ្រោះស្លាប់តែម្តង ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ស្រាល៥នាក់ ខាងម៉ូតូកង់បី ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ដឹកយកទៅ ។ ចំណែកសពជនរងគ្រោះ២នាក់ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យព្រែកព្នៅ ដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្ត ម៉ូតូ ម៉ូតូកង់បី រួមទាំងអ្នកបើកបររថយន្តផង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


អត្ថបទ៖ តាតុងសែនជ័យ

