ទីបំផុតទៅលទ្ធផលនៃជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកគ្រូ សាន សុជា ក្រោមការសម្របសម្រួលពីឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានចេញផ្សាយហើយ។ គ្មានឡើយការនិយាយរឿងតួនទី ឬមុខតំណែង គឺមានតែប្រធានបទពាក់ព័ន្ធនឹងការសួរសុខទុក្ខ និងព្រះធម៌ប៉ុណ្ណោះ។ នេះបើតាមប្រសសាន៍លោកគ្រូ សាន សុជា និងឯកឧត្តម ខេង សុមេធ ថ្លែងប្រាប់គេហទំព័រ Fresh News។

ក្រោយជំនួបនោះ លោកគ្រូ សាន សុជា បានមានប្រសាសន៍៍ថាជំនួបសម្តែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន កើតមានភ្លាមៗនៅពេលដែលលោកអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើលិខិតឆ្លង​ដែន និងអត្តសញ្ញាណបណ្ណសញ្ជាតិកម្ពុជា ពោលមិនមែនជាការគ្រោងទុកអ្វីនោះ​ឡើយ។ នាយឧត្តមសេនីយ៍ ខេង សុមេធ បានបន្ថែមដែរថាសម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញ​ចិត្ត ចំពោះការផ្សព្វផ្សាយព្រះធម៌អប់រំចិត្ត របស់លោកគ្រូ សាន សុជា និងលើកទឹកចិត្តលោកគ្រូ សាន សុជា បន្តការផ្សព្វផ្សាយព្រះអប់រំ​ចិត្ត​នេះ បន្តទៅទៀត។

បើតាមនាយឧត្តមសេនីយ៍ ខេង សុមេធ ជំនួបនោះមិនមានការជជែកអ្វីច្រើនពីការសួរសុខទុក្ខ និងការជជែកពីរឿងផ្សព្វផ្សាយព្រះធម៌នោះឡើយ។ នាយឧត្តមសេនីយ៍ ខេង សុមេធ បានអះអាងដែរថា ក្នុងជំនួបនោះ មិនមានការជជែកដល់ការផ្តល់តួនាទី ឬឋានៈអ្វីមួយដល់គ្រូលោកគ្រូ សាន សុជា ក្នុងជួររាជរដ្ឋាភិបាលនោះឡើយ។

សូមបញ្ជាក់ថា លោកគ្រូ សាន សុជា បានបួសរៀនព្រះធម៌ក្រោមម្លប់ព្រះពុទ្ធសាសនា​អស់​​រយៈពេលជាង ៣០ព្រះវស្សា។ លោកគ្រូ ទទួលបានប្រជាប្រិយភាពខ្ពស់ពីប្រជាពុទ្ធបរិស័ទ តាមរយៈការផ្សព្វផ្សាយព្រះអប់រំចិត្ត និងការពន្យល់បកស្រ័យអំពីព្រះធម៌។ លោកគ្រូ សាន សុជា បានលាចាកសិក្ខាបទកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។ ទោះបីជាលាចាកសិក្ខាបទក៏ដោយ ក៏លោកគ្រូនៅតែបន្តធ្វើធម្មទានតាមរយៈការសម្ដែងព្រះធម៌ទេសនាដដែល៕

Share.