ភ្នំពេញ ៖ កម្មកររោងចក្រផលិតគ្រឿងបរិក្ខាអគ្គិសនី A2 O2 ចំនួន៦៧នាក់ ក្នុងចំណោមកម្មករសរុបចំនួន៣៣១នាក់ នាំគ្នាឈរកាន់បដា នៅតាមចិញ្ចើមផ្លូវសហព័ន្ធរុស្សុី មុខព្រលានយន្តហោះ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីទាមទារស្នើសុំអន្តរាគមន៍ នូវប្រាក់ឈ្នួលរបស់ខ្លួន ៣ខែហើយ មិនទាន់បើកឲ្យពួកគាត់ ។

បើតាមសម្តីកម្មករបានឲ្យដឹងថា រោងចក្រផលិតគ្រឿង បរិក្ខាអគ្គិសនីខាងលើ ដែលមានទីតាំងក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានកម្មករសរុបចំនួន៣៣១នាក់ មានថៅកែជាជនជាតិចិន អស់រយៈពេល៣ខែមកហើយ ថៅកែមិនទាន់បើកប្រាក់ឈ្នួលឲ្យកម្មករ ។

ប្រភពបន្តទៀតថា កន្លងមកខាងក្រសួងការងារ បានធ្វើការសម្របសម្រួល ដើម្បីរកដំណោះស្រាយ តែមកដល់ពេលនេះមិនទាន់បានលទ្ធផល មានលុយឯណាឲ្យថ្លៃផ្ទះជួល ហូបចុក ទើបកម្មករចំនួន៦៧នាក់ ស្រី១នាក់ នាំគ្នាចេញចេញទៅឈរតាមចិញ្ចើមផ្លូវសហព័ន្ធរុស្សុី កាន់ដោយបដា ក្នុងបំណងតែមួយគត់ គឺស្នើសុំឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍ រឿងប្រាក់ខែរបស់ពួកគេ ។

ការប្រមូលផ្តុំគ្នាឈរតវ៉ា របស់ក្រុមកម្មករ អស់រយៈពេល១ម៉ោង រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល កម្លាំងសមត្ថកិច្ច អាជ្ញាធរ សង្កាត់ ខណ្ឌ ចុះទៅសម្របសម្រួល រួចឲ្យកម្មករវិលត្រឡប់ទៅផ្ទះវិញសិន យកតែតំណាងកម្មករ ទៅធ្វើការនិយាយគ្នាជាមួយក្រសួងការងារ នៅសាលាខណ្ឌពោធិ៍សែនជ័យ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.