កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីសិស្សសាលាម្នាក់ បានសម្រេចតែជិះគេចខ្លួនជ្រុលទៅបុកម៉ូតូអ្នកដំណើរតាមផ្លូវ ដួល។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យចាប់បានម្នាក់ ឈ្មោះ គុន តុលា ហៅធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត រស់នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកបើកម៉ូតូ ។ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ឈ្មោះ អុី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរមិនពិត រស់នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកឆក់យកទូរស័ព្ទ ។ រីឯជនរងគ្រោះ ឈ្មោះ ឈ្មោះ ឃុន ស្រីនីន ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិចំបក់ពណ្ណារាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញដួលម៉ូតូរងរហួស សម្ភារៈបាត់បង់ ទូរស័ព្ទ I phone X មួយគ្រឿង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីសាលាបឹងធំ ទៅរកទិញប្រហិតឲ្យម្តាយនៅផ្សារបែកចាន លុះត្រឡប់មកវិញ ឆ្លៀតចូលលេងផ្ទះមិត្តភ័ក្រ រួចជិះចេញវិលមកវិញ តាមផ្លូវបេតុងខាងលើ ដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យគ្នា២នាក់ ជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-4264 តាមពីក្រោយ ឆក់យកទូរស័ព្ទ ដែលកំពុងនិយាយជាមួយម្តាយ បានសម្រេចហើយដួលជនរងគ្រោះ ហើយជនសង្ស័យព្យាយាមជិះរត់គេច តែជ្រុលទៅបុកម៉ូតូអ្នកដំណើរ បណ្តាលឲ្យដួល ស្រែកឆោឡោ ចាប់ខ្លួនបានម្នាក់ បក្ខពួកម្នាក់ទៀត យកទូរស័ព្ទរបស់ជនរងគ្រោះរត់គេចខ្លួនបាត់ ។

ជនសង្ស័យម្នាក់ រួមជាមួយម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចឃាត់នាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលស្រយកអង្គស្នួល ៕

អត្ថបទ៖ តាតុងសែនជ័យ

