កំពង់ធំ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតត្រូវជាបងបង្កើត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តឃ្លុបយុីឌុប បើកបុកពីក្រោយគោយន្តដឹកអុស ក្រឡាប់ចាក់អុសចោល គោយន្តដាច់ជាពីរកំណាត់។

ហេតុការណ៍ខាងលើកើតឡើងកាលពី២និង៥០នាទីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១២២-១២៣ ស្ថិតក្នុងភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះស្លាប់នៅកន្លែង ឈ្មោះ ហ៊ុន សុដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែកជនរងគ្រោះរបួសធ្ងន់ ឈ្មោះ ហ៊ុន ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាបងប្អូនបង្កើតនឹងគ្នា រស់នៅជាមួយគ្នា ជាអ្នកបើកគោយន្ត ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ឃ្លុប ប្រភេទយុីឌុប ពាក់ស្លាកលេខ កំពង់ចាម 3A-9593 បើកបរដោយឈ្មោះ សោ ហុងគ្រី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិតាពោនកើត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។ រថយន្តបើកបរល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយគោយន្ត បណ្តាលឲ្យក្រឡាប់ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ គោយន្តដាច់ជាពីរកំណាត់ ។

ក្រោយកើតហេតុជនរងរបួសម្នាក់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងគោយន្ត រួមទាំងអ្នកបើកបររថយន្តផង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.