ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា នឹងបើកទ្វាពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ទទួលស្វាគមន៏ក្រុមភ្ញៀវបង់ក្លាដេស ដើម្បីប្រកួតមិត្តភាពអន្តជាតិអំឡុងថ្ងៃ FIFA Day ដែលការប្រកួតនឹងចាប់ផ្តើមវេលាម៉ោង ៧ៈ០០ នាទីយប់ ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ។

មុនប៉ះក្រុមជម្រើសជាតិបង់ក្លាដេស គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា លោក Félix Dalmás ជនជាតិអាហ្សង់ទីន បានបង្ហាញចំណាប់អារម្មណ៍ថា «ប៉ះបង់ក្លាដែសលើកនេះ យើងរំពឹងថាវាក្លាយជាការប្រកួតដែលមានការប្រជែងខ្លាំង ពួកគេមានគ្រូបង្វឹកដ៏ល្អ កីឡាករដ៏ល្អ ដូច្នេះវានឹងពិបាក ប៉ុន្តែទោះជាយ៉ាងណាយើងបានរៀបចំ ដែលនេះជាប្រកួតដំបូងរបស់យើង អ៊ីចឹងយើងចង់ឱ្យវាក្លាយជាប្រកួតតានតឹង ចង់ឱ្យវាក្លាយជាការប្រកួតដ៏ពិបាក ហើយគាត់មានអារម្មណ៍សប្បាយចិត្ត និងរំភើប ដែលអ្នកគាំទ្រចំណាយពេលវេលា ថវិកា សម្រាប់ការទិញសំបុត្រចូលទស្សនាការប្រកួត ចំនុចសំខាន់គឺគាត់ត្រូវការអ្នកគាំទ្រដើម្បីឱ្យក្រុមឈ្នះ មិនគ្រាន់តែពេលក្រុមឈ្នះនោះទេ គាត់ត្រូវការអ្នកគាំទ្រដែលជួយដល់ក្រុមដើម្បីឈ្នះ គាត់សង្ឃឹមថាអ្នកគាំទ្រនឹងជឿជាក់លើក្រុម និងលើកីឡាកររបស់យើង»។

ដោយឡែក លោក 𝗝𝗮𝘃𝗶𝗲𝗿 𝗙𝗲𝗿𝗻𝗮𝗻𝗱𝗲𝘇 𝗖𝗮𝗯𝗿𝗲𝗿𝗮 គ្រូបង្វឹកក្រុមជម្រើសជាតិបង់ក្លាដេសវិញបាននិយាយថា៖ «សម្រាប់យើងរៀបចំក្រុមដដែល យើងដឹងថាកម្ពុជាលើកនេះមានការផ្លាស់ប្ដូរបើធៀបទៅនឹងខែកញ្ញាកន្លងទៅ គេមានការប្រកួត U-23 ទល់នឹងជប៉ុន ដូច្នេះចន្ធា ពិសុទ្ធ ដែលបានមិនបានលេងទល់នឹងយើង។ យើងស្គាល់កីឡាករគេច្បាស់ វឌ្ឍនាកា ក៏នឹងមានមុខផងដែរ ប៉ុន្តែសម្រាប់យើង យើងមិនចង់និយាយច្រើនអំពីបុគ្គលម្នាក់ៗនោះទេ យើងដឹងពីគុណភាពរបស់កម្ពុជា»។

ចំណាប់អារម្មណ៍របស់គ្រូបង្វឹកទាំងពីរូបនេះ បានលើកឡើងក្នុងកម្មវិធីសន្និសិទ្ធសារព័ត៌មាន មុនការប្រកួតចាប់ផ្តើម កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា ក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានចាប់ផ្តើមប្រមូលផ្តំហ្វឹកហាត់ឡើងវិញ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងការប្រកួតពានរង្វាន់ដ៏ធំក្នុងតំបនអាស៊ាន AFF Mitsubishi Electric Cup 2022 កន្លងទៅ ដោយការប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមថៃ វគ្គសន្សំពិន្ទុក្នុងពូល A ដោយគ្រានោះថៃ បានយកឈ្នះលើកម្ពុជា ដោយលទ្ធផល ១-៣ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុង Pathum Thani ប្រទេសថៃ។

No photo description available.

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា នេះជាកាត្រៀមខ្លួនដ៏ល្អមួយ មុខចូលរួមក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 នាចុងឆ្នាំនេះ ប្រចាំ​ទ្វីប​អាស៊ី។

ដោយ​ឡែក​ក្រុមជម្រើសជាតិបង់ក្លាដេស បានប្រមូលផ្តំហ្វឹកហាត់ និងប្រកួតមិត្តភាពទល់និងកម្ពុជា ដើម្បីត្រៀមក្នុងការប្រកួតពានរង្វាន់​ជើង​ឯក​អាស៊ី​ខាង​ត្បូង ខណៈការប្រកួត​អន្តរជាតិ​ចុងក្រោយរបស់បង់ក្លាដេស បានយកឈ្នះលើក្រុមជម្រើជាតិនេប៉ាល់ ដោយលទ្ធផល ៣-១ ក្នុងការប្រកួតមិត្តភាពអន្តជាតិ ពោលគឺបន្ទាប់ពីប៉ះក្រុមកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។

មុន​ការប្រកួត​មក​ដល់​សារព័ត៌មាន​ត្រយង សូម​លើក​​យក​ប្រវត្តិជួបគ្នា ៥លើក​កន្លង​មក​រវាង​ក្រុមកម្ពុជា និងបង់ក្លាដេស ដូចជា៖
– ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ បង់ក្លាដែស ២-១ កម្ពុជា ពាន AFC Challenge Cup
– ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ បង់ក្លាដែស ១-១ កម្ពុជា ពាន Nehru Cup
– ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ បង់ក្លាដែស ១-០ កម្ពុជា ការប្រកួតមិត្តភាពអន្តរជាតិ
 ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ
– ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ។

៥លើកចុងក្រោយក្រុមគោព្រៃកម្ពុជា មិនធ្លាប់ឈ្នះបង់ក្លាដេស ម្តងណាឡើយ ចុះនៅល្ងាចនេះវិញ?

Share.