
ការប្រកួត ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ២០២៣ (Korean Ambassador’s Cup Taekwondo Competition 2023) កាលពីថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ដោយមានការចូលរួមពីឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរាសហព័ន្ធតេក្វាន់ដូ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ «ក្នុងនាមខេមរសហព័ន្ធតេក្វាន់ដូ និងខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងបណ្ឌិត្យសភាតក្វាន់ដូកម្ពុជា ដែលបាន រៀបចំការប្រកួត Korean Ambassador’s Cup Taekwondo Competition 2023 ប្រកបដោយ ភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាននូវសុវត្ថិភាព-សុខភាពដល់អ្នកចូលរួម ក៏សូមអរគុណដល់ក្មួយៗកីឡាករ-កីឡាការិនីទាំងអស់ ដែលបានគោរពនូវបទបញ្ហាប្រកួតបានយ៉ាងល្អប្រសើរ»។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់ ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភគាំទ្រ និងផ្តល់ឱកាស ដល់ប្រភេទកីឡាតេក្វាន់ដូWT ដើម្បីផ្សព្វផ្សាយក្បាច់គុនដល់ប្រជាពលរដ្ឋទូទៅផង ក៏ដូចជាការ ផ្តល់ឱកាសដល់ក្មួយៗកីឡាករកីឡាការិនីកីឡាតេក្វាន់ដូWT កម្ពុជា បានប្រកួតបង្ហាញនូវសមត្ថភាព បច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ពីការប្រកួត Korean Amhassador’s Cup Taekwondo Competition 2023 គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសបន្ថែម ដល់កីឡាករ កីឡាការិនីទាំងអស់ ត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូជាលក្ខណៈអន្តរជាតិនានា និងត្រៀម ឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នាឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះខាងមុខ។
កីឡាករ សំ យូដេត ដែលបានរួមប្រកួតក្នុងពាន់រង្វាន់នេះបានលើកឡើងថា៖ «ការប្រកួតតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំ ឆ្នាំ ២០២៣ ល្អជាងឆ្នាំមុនៗច្រើនដោយមានកីឡាករចូលរួមសុទ្ធតែមានសមត្ថភាពខ្លាំងជាងមុន ដោយការប្រកួតនេះគឺមានការជម្រុះចេញពីក្លិបនៅតាមបណ្ដាលខេត្តទើបឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃនេះ។ យូដេត លើកឡើងបន្ថែមថា ចង់ឲ្យមានការប្រកួតបែបនេះកាន់តែច្រើន និងការចូលរួមលើកទឹកចិត្តដល់កីឡាករដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តហ្វឹកហាត់ដើម្បីឲ្យមានសម្ថភាពកាន់តែខ្ពស់ជាងមុន»។

យោងតាមរបាយការណ៍ស្តីពីការប្រកួតតក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំ ឆ្នាំ ២០២៣ មានប្រតិភូគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុបចំនួន ៣៣៥នាក់ ក្នុងនោះមាន៖ ប្រតិភូគ្រូបង្វឹក ២៥នាក់, កីឡាករ ១៧៣នាក់, កីឡាការិនី ១៣៧នាក់។
ខណ: ក្លិបចូលរួមប្រកួតសរុបចំនួន ២៥ក្លិប មកពីរាជធានី-ខេត្ត ចំនួន ០៤ មានដូចជា៖ ភ្នំពេញ ២១ក្លឹប សរុប ២៩៦នាក់, កណ្តាល ០២ក្លិប សរុប ២៧នាក់, បាត់ដំបង ០១ ក្លិប សរុប ០៨នាក់ សៀមរាប ០១ក្លិប សរុប ០៤នាក់៕












