ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ចុះពីរថយន្តតាក់សុី ដើរឆ្លងផ្លូវរកកន្លែងបត់ជើងតូច ត្រូវបានរថយន្តកូរ៉េ២,៥តោនដឹកតុ កៅអី បើកបុក ហើយបន្ថែមល្បឿនបើករត់គេចបាត់ កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ២១៧ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ កាំង ម៉េងលាង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះរួមដំណើរជាមួយឪពុក ជិះរថយន្តតាក់សុី មកពីលេងផ្ទះបងប្អូននៅឯខេត្តតាកែវ ធ្វើដំណើរដល់ចំណុចកើតហេតុ រថយន្តតាក់សុីឈប់ ឲ្យអ្នកដំណើរចុះបត់ជើង ហើយគ្រាដែលអ្នកជិះរថយន្តតាក់សុីនាំគ្នាចុះបត់ជើង ជនរងគ្រោះបានចុះដែរ ហើយដើរឆ្លងផ្លូវពីកើតទៅលិច បំណង់ទៅបត់ជើងតូចនៅចំណែកផ្លូវម្ខាងទៀត ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង ចំណុះ២,៥តោន ពណ៌ស មិនចាំស្លាកលេខ ដឹកតុ កៅអី បើកពីត្បូងទៅជើងបុកបណ្តាលឲ្យស្លាប់ធ្លាយខួរ ហើយរថយន្តបង្កបន្ថែមល្បឿនបើកគេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យស្លាកស្នាម រួចប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្ក ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្តិភាព ដើម្បីស្វែងរក ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.