សិល្បៈជាតិ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ គ្រប់បណ្ដាញផ្សព្វផ្សាយមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលកម្មវិធី«ចម្រៀងគ្រួសារខ្មែរ» បានអញ្ជើញ អតីតកីឡាករ ប៊ឺត សំរេច ចូលរួមជាកិត្តិយស និងបានទម្លាយថាអតីតកីឡាករគុនខ្មែររូបនេះគឺជាដំណក់ឈាមរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។
«បាទ! បើនិយាយទៅ ខ្ញុំសូមបង្ហើបបន្តិចចុះ ប្រសិនបើពុកម៉ែបងប្អូន… ប្រសិនបើបានដឹង សូមមេត្តាខន្តីអភ័យទោស…ខ្ញុំបាទកូនប្រុសអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត» នេះគឺជាប្រយោគដំបូងដែលអតីតកីឡាករគុនខ្មែរប៊ឺត សំរេចបានទម្លាយទាំងអួលអាក់នៅក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» របស់លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ។
លោក ប៊ឺត សំរេច បានអះអាងប្រាប់លោក អ៊ុក ណារីម ថាខ្លួនគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ព្រមទាំងរៀបរាប់ពីសាច់រឿងជីវិតរបស់ខ្លួនយ៉ាងលម្អិតថា លោក មិនមែនជាកូនលោក ស៊ីន ស៊ីសាមុតជាមួយនឹងភរិយាស្របច្បាប់នោះទេ ហើយលោកក៏មិនមែនជាកូនរួមផ្ទៃរបស់អតីតអ្នកចម្រៀង ស៊ិន ច័ន្ទឆាយានោះដែរ ប៉ុន្តែលោក គឺជាកូនប្រុសរបស់អ្នករបាំព្រះរាជទ្រព្យ ភរិយាក្រៅខាន់ស្លារបស់លោកតា ស៊ិន ស៊ីសាមុត។

ម្ដាយរបស់លោក ប៊ឺត សំរេច គឺជារៀមច្បងរបស់លោកស្រី អង្គារ៉ា ដែលត្រូវជាភរិយា ពេញច្បាប់របស់លោកតាស៊ីន ស៊ីសាមុត។ រួមរស់ជាមួយគ្នារហូតម្ដាយលោក ទម្ងន់បាន៤ ខែ ស្រាប់តែលោកតា ស៊ិន ស៊ីសាមុតបានចុះចោលទៅរៀបការជាមួយអ្នកស្រី អង្គារ៉ា ធ្វើឱ្យម្ដាយរបស់លោក ខឹងជាខ្លាំង ដល់ថ្នាក់រត់ទៅទឹកដីឡាវ ដែលជាស្រុកកំណើតជីតាខាងម្ដាយរបស់លោក។ លោក ប៊ឺត សំរេច បានបញ្ជាក់ថារឿងរ៉ាវទាំងអស់នេះ លោកដឹងតាមរយៈការរៀបរាប់ប្រាប់ពីម្ដាយចិញ្ចឹមរបស់លោកប្រាប់។
មែនទែនទៅអ្នកស្រី ធីម វិជ្ជា អ្នកម្ដាយរបស់ លោក ប៊ឺត សំរេច គឺជាកូនកាត់៣សាសន៍ ខ្មែរ ចិននិងឡាវ នាសម័យសង្គមរាស្ត្រនិយមអ្នកស្រី គឺជាអ្នករបាំព្រះរាជទ្រព្យផង និងជាគ្រូពេទ្យផង រស់នៅក្នុងខេត្តកំពង់ឆ្នាំង។ នៅពេលរៀបរាប់ដល់ចំណុចនេះលោក អ៊ុក ណារីម បានលើកឡើងចំណុចគួរឱ្យចាប់អារម្មណ៍មួយថាបទ «បុប្ផាកំពង់ហាវ» គឺជាស្នាដៃនិពន្ធទាំងស្រុងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដោយក្នុងនោះលោកបានលើកយកឃ្លាខ្លីមានខ្លឹមសារថា៖ «នាងពេទ្យគូកន ដើរជួយអ្នកស្រុក…»
នៅក្នុងកិច្ចសម្ភាសន៍នោះ លោក ប៊ឺត សំរេច បានឱ្យដឹងថាខ្លួនបានដឹងរឿងនេះនៅអាយុ១៤ ឆ្នាំ ដោយសារម្ដាយចិញ្ចឹមលោកប្រាប់ ចំណែកម្ដាយបង្កើតរបស់លោកពេលសំរាលលោកបានអាយុ៦ខែ បានបោះបង់លោក ដោយផ្ញើលោកនឹងបងស្រីបង្កើតឈ្មោះ ថង ញ៉ុត ឱ្យជួយចិញ្ចឹម ព្រមទាំងប្រាប់ថាគាត់ចេញទៅរស់នៅប្រទេសឡាវវិញ។
យោងតាមរយៈការរៀបរាប់របស់លោក ប៊ឺត សំរេច បានឱ្យដឹងបន្ថែមទៀតថាមកដល់ពេលនេះម្ដាយបង្កើតលោក ដែលបានរៀបការជាមួយស្វាមីថៃ និងមានកូនស្រីជាមួយគ្នាបីនាក់ផងនោះ បានទទួលអនិច្ចកម្មទៅហើយ។ រឿងរ៉ាវនេះលោកបានព្យាយាមលាក់ទុកជាយូរមកហើយ បើកុំតែម្ដាយលោកជំរុញ លោកមិនចេញមកទម្លាយរឿងនេះនោះទេ។ លោក ប៊ឺត សំរេច ក៏បានបញ្ជាក់ឱ្យដឹងដែរថា តាមពិតលោកមានឈ្មោះកំណើត ធីម ភាល់លីម ចំណែកឈ្មោះ ប៊ឺត សំរេច នេះ គ្រាន់តែឈ្មោះប្រើក្នុងអាជីពប្រដាល់ប៉ុណ្ណោះ។
ក្រោយពីវីដេអូនេះបានបង្ហោះមានមហាជនជាច្រើនបានបង្ហាញការយល់ឃើញស្រដៀងគ្នាថា លោកពិតជាមានទំរង់មុខស្រដៀងទៅនឹងអធិរាជសំឡេងមាសណាស់ មិនថាជាចិញ្ចើម បបូរមាត់ និងស្លៀកត្រចៀកនោះឡើយ ជាងនោះទៀតអ្នកចូលរួមមតិជាច្រើនបានបញ្ចេញជាយោបល់ដូចៗគ្នាថា គេជឿថាលោកគឺពិតជាកូនប្រុសរបស់អធិរាជសំឡេងមាស យ៉ាងពិតប្រាកដ។ លោក ប៊ឺត សំរេច កើតនៅឆ្នាំ១៩៧៤ សព្វថ្ងៃលោកមានអាយុ ៤៩ឆ្នាំហើយ។
ជាកិច្ចបញ្ចប់នៃបទសម្ភាសន៍ លោក ប៊ឺត សំរេច បានបង្ហើបសំនៀងដ៏ពីរោះ ដោយលើកយកបទចម្រៀង «បុប្ផាកំពង់ហាវ» ដែលជាបទចម្រៀងមួយគេសន្មតថាអាចជាចម្រៀងដែល អធិរាជសំឡេងមាស និពន្ធជូននារីបណ្ដូលចិត្ត គឺម្ដាយបង្កើតរបស់អតីតកីឡាគុនខ្មែរ ប៊ឺត សំរេច នេះតែម្ដង៕
សូមទស្សនាវីដេអូទាំងស្រុងបទសម្ភាសន៍កីឡាករ ប៊ឺត សំរេច ពីប្រវត្តិជីវិតខ្លួនខាងក្រោម

