កំពត ៖ ក្រុមហ៊ុន ឧកញ៉ា ជា សារ៉ន អចលនទ្រព្យ ជាក្រុមហ៊ុនធ្វើស្រែលើខ្នងរាស្ត្រ រំលោភលើទំនុកចិត្ត បោកប្រាស់ប្រជាពលរដ្ឋ មានច្រើននាក់រងគ្រោះ ខាត់បង់លុយកាក់ ហើយត្រូវបានសមត្ថកិច្ច ចាប់ខ្លួនជាបន្តបន្ទាប់ ទាំងឧកញ៉ា ជាសារ៉ន ទាំងបក្ខពួក រហូតមកដល់រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ មានបក្ខពួក ម្នាក់ទៀតហើយ ក្រោយសមត្ថកិច្ចចាប់ខ្លួនតាមបណ្តឹង ហើយត្រូវបានតុលាការខេត្តកំពត ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ ឆបោកមានស្ថានទម្ងន់ទោស ។

ជនជាប់ចោទមានឈ្មោះ នាក់ គា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ជា សារ៉ន មានទីលំនៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត មានស្រុកកំណើត នៅភូមិព្រៃក្រាំងជើង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត ។

យោងតាមដីការរបស់តុលាការខេត្តកំពត លោក ភាព សុភា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត ចេញដីកាបង្គាប់ លេខ៨២៦ ញ.ព្រ.ទ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បង្គាប់ឲ្យនាំខ្លួនជនត្រូវចោទខាងលើ ដាក់ពន្ធនាគារខេត្តកំពត ក្រោមការចោទប្រកាន់ ឆបោកមានស្ថានទម្ងន់ទោស ។

គួររំលឹកផងដែរ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កន្លងមក តុលាការខេត្តកំពតបានសម្រេចឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក សរុបចំនួន៩នាក់ ដាក់ពន្ធនាគារ មកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បក្ខពួកឧកញ៉ា ជា សារ៉ន ម្នាក់ទៀតហើយត្រូវបានតុលាកាខេត្តកំពត សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ។

ជាមួយរឿងរ៉ាវក្រុមហ៊ុន ឧកញ៉ា លក់ដីឡូត៍ ខាងលើ នៅមានក្រុមហ៊ុនឧកញ៉ាលក់ដីឡូត៍ផ្សេងទៀត ត្រូវបានបងប្អូនប្រជាពលរដ្ឋ នៅខេត្តកំពត កំពុងដាក់ពាក្យបណ្តឹង រំលោភលើទំទុកចិត្តនោះ គឺ ក្រុមហ៊ុន ពិភពដីមាស គិតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ពាក្យបណ្តឹងកើនឡើងដល់ទៅចំនួន២៥៩ពាក្យបណ្តឹងហើយ ដែលបងប្អូនរងគ្រោះ ទៅដាក់បណ្តឹងនៅស្នងការខេត្តកំពត ៕

អត្ថបទ៖តាតុងសែនជ័យ

Share.