សិល្បៈជាតិ៖ តន្ត្រីករ និងជាអ្នកចម្រៀងជើងចាស់ដែលល្បីបទ «លក់ស្រែចូលបារ» ត្រូវមហាជនគ្រប់គ្នាស្គាល់ថា គឺជាលោក ម៉ិញ សុធីវណ្ណ លោកជាសិល្បករមានឈ្មោះល្បីល្បាញតាំងពីទសវត្សរ៍ឆ្នាំ ៦០ មកម្ល៉េះ ហើយភាគច្រើនបទចម្រៀងរបស់លោកគឺជាបទញាក់កន្ទ្រាក់អារម្មណ៍ និងបង្ហាញពីបរិបទសង្គមខ្មែរទៅតាមសម័យកាល។

ក្រៅពីស្នាដៃនិពន្ធបទភ្លេង និងនិពន្ធបទចម្រៀងហើយនោះ ថ្មីៗនេះ លោក ម៉ិញ សុធីវណ្ណ បានបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលក្នុងសង្គមសិល្បៈ ដោយលោកបានលេចមុខជាពិធីករក្នុងកម្មវិធីថ្មីមួយដែលមានឈ្មោះថា «Music Legend Show ឬ វិរៈសិល្បករ» ដែលកម្មវិធីនេះគឺជាកម្មវិធីគាស់កកាយប្រវត្តិរបស់វរសិល្បករចាស់ៗជា តន្ត្រីករ អ្នកចម្រៀង និងនិពន្ធបទចម្រៀងមរតកដើម ដែលមហាជនមួយចំនួនមិនសូវបានស្គាល់មុខរបស់ពួកលោក។
កម្មវិធីនេះដែរ បានបញ្ចាំងផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានមួយភាគហើយ (1Ep) ដោយមានភ្ញៀវកិត្តិយសគឺជា វរសិល្បករ លោក ពិន យ៉ាធាម លោកគឺជាតន្ត្រីករ ជាអ្នកចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះ ដែលធ្លាប់មានស្នាដៃរួមគ្នាជាមួយនឹងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។ សូមជម្រាបថា «Music Legend Show ឬ វិរៈសិល្បករ» មានផ្សាយជូនអ្នកទស្សនាជារៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ៥ ល្ងាច។

គួររំលឹកសាស្ត្រាចារ្យតូរ្យតន្ត្រីកវីនិពន្ធ ម៉ិញ សុធីវណ្ណ ហៅ តូ បានសាងស្នាដៃ និងកិត្តិសព្ទរបស់ខ្លួននៅក្នុងការងារសិល្បៈជាច្រើនលើកច្រើនសាតាំងពីសម័យរដ្ឋកម្ពុជាមកម្ល៉េះ។ ហើយក្រោយមកលោកបានបន្តឡើងតំណែងជាច្រើនដងនៅក្នុងការងាររាជការ តាំងពីឆ្នាំ១៩៧៩ មកនៅឆ្នាំ២០១០។ លោក ម៉ិញ សុធីវណ្ណ ក៏បានផ្លាស់ជាអនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅនៃអគ្គស្នងការនគរ បាលជាតិទទួលបន្ទុកតន្ត្រីសម័យ និងជាជំនួយការសម្តេចហ៊ុនសែន ហើយនៅឆ្នាំ២០០៧ សមាគមសិល្បករខ្មែរក៏បានជ្រើសរើសរូបលោកចូលក្នុងក្រុមប្រឹក្សា ភិបាលថ្មី ដែលមានចំនួន១០រូប និងបានបោះឆ្នោតឱ្យលោកធ្វើជាប្រធានសមាគមសិល្បករខ្មែរនាពេលនេះ។ រហូតដល់ឆ្នាំ ២០១៧ គេបានដឹងថាលោក ម៉ិញ សុធីវណ្ណ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដល់បច្ចុប្បន្ន៕





