ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តប្រកួតចាញ់ក្រុមជម្រើសជាតិ​បង់​ក្លាដេស ជាលើកទី​៥ហើយ លើក​ទឹកដីខ្លួនឯង ក្នុងជំនួបរវាងក្រុមជម្រើសជាតិ នារាត្រីថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ដោយលទ្ធផល១-០ ក្នុងថ្ងៃ FIFA Day។

តាមរយ:បញ្ជីឈ្មោះផ្លូវការនៅពេលប្រកួតមានកីឡាករចំនួន ៤រូប​ដែល​មិន​បាន​បង្ហាញ​វត្តមាន​ក្នុង​ជំនួប​នេះ​មានដូចជាង៖ អ្នកចាំទី អ៊ុ វិចិត្រ និង ទេស សម្បត្តិ កីឡាករ ស៊ិន សុវណ្ណមករា និងសៀង ចន្ធា។ បើតាមលោកគ្រូបង្វឹក Félix Dalmás គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចប់ប្រកួតថា មូលហេតុដែលធ្វើឲ្យកីឡាករទាំង ៤រូប​នេះ​មិន​មាន​វត្តមាន​ក្នុង​ប្រកួត នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយសាមូលហេតុដូចខាងក្រោម៖

  • ចំពោះអ្នកចាំទី អ៊ុ វិចិត្រ មានបញ្ហារបួសនៅអំឡុងពេលហ្វឹកហាត់
  • ដោយឡែកខ្សែការពារ ទេស សម្បត្តិ មានបញ្ហារបួស​នៅអំឡុង​ពេលហ្វឹក​ហាត់​ជាមួយ​ក្លិបបាល់​ទាត់​វិសាខា មុនកោះហៅចូលក្រុមជម្រើសជាតិ
  • សម្រាប់ខ្សែប្រយុទ្ធ សៀង ចន្ធា មាន​បញ្ហារបួសបន្តិចបន្តួច​ហើយ​ណា​មួយ​រូប​គេ​តែង​តែ​ត្រូវ​កោះ​ហៅ​ចូល​ក្រុមជម្រើសជាតិគ្រប់កម្មវិធី ខណ:នៅក្លិបបឹងកេត ក៏បង្ហាញខ្លួនគ្រប់ប្រកួត ដូច្នេះ​លោក​ចង់​ឲ្យ​កីឡាកររូបនេះបានសម្រាក
  • ចំណែកកីឡាករ ស៊ិន សុវណ្ណមករា លោកថារូបគេនៅក្មេង ហើយខ្សែបម្រើ​ក្នុង​បញ្ជី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មានច្រើន ដូច្នេះលោកចង់ឲ្យរូបគេទទួលយកបទពិសោធន៍ឲ្យបានច្រើន ណា​មួយ​នេះ​គ្រាន់​តែ​ការប្រកួតមិត្តភាពប៉ុណ្ណោះ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ចំនួន៣០នាក់ នៅ​ព្រឹក​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ពោលគឺមុនការប្រកួត១០ថ្ងៃ ដែលជ្រើសរើសចេញពីក្លិបចំនួន ៥មាន រួមមាន៖

  • វិសាខា មាន ១១រូប៖ គឺ កីឡាករ ឆេង ម៉េង, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, កែន ច័ន្ទសុភ័ក្ត្រា, ស៊ិន កក្កដា, ទេស សម្បត្តិ, សារ ទី, ស រតនា, ឡេង ណូរ៉ា, ស៊ិន សុវណ្ណមករា និងអ្នកចាំទី កែវ សុខសិលា
  • ភ្នំពេញក្រោន ចំនួន ៧រូប៖ មានអ្នកចាំទី អ៊ុ វិចិត្រ កីឡាករ អ៊ន ចាន់ប៉ូលីន, យើុ ម៉ូស្លីម, ប្រាក់ ធីរ៉ា, សឿត បារាំង, ជួន ចាន់ចាវ និងលឹម ពិសុទ្ធ
  • ព្រះខ័នរាជស្វាយរៀង ចំនួន ៦រូប៖ មានកីឡាករ ប៊ីន ចន្ថាធារី, សឿយ វិសាល, សារ៉េត គ្រីយ៉ា, សេត រ៉ស៊ីប, ថេឡរ នីកូឡាស់ ឌឿង និងគីម សុខយុទ្ធ
  • ណាហ្គាវើលដ៍ ចំនួន ៣រូប៖ មានកីឡាករ គួច សុកុម្ភះ, សុះ សូហ៊ាណា, រ៉េត លីហេង
  • បឹងកេត ចំនួន ៣រូប៖ មានកីឡាករ ចាន់ វឌ្ឍនាកា, តាំង ប៊ុនឆៃ និងសៀង ចន្ធា

បើងាកទៅមើលប្រវត្តិជួបគ្នាកន្លងមករវាងកម្ពុជា នឹងបង់ក្លាដេស សរុប​ទាំង​ប្រកួត​ចុង​ក្រោយ​នេះ​កើន​ចំនួន​៦លើកហើយ ខណៈកម្ពុជា បរាជ័យ៥លើក និងស្មើគ្នា១លើក ដោយ​ទាត់​ចូល​ទីបង់​ក្លាដេស បាន២គ្រាប់និងរបូតវិញចំនួន៦គ្រាប់។

សូមបញ្ជាក់ថានេះជាការប្រកួតអន្តរជាតិជាលើកទី២របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងឆ្នាំ២០២៣ នេះ បន្ទាប់ពីបរាជ័យក្រោមថ្វីដៃរបស់ថៃ ដោយលទ្ធផល៣-១ ក្នុងវគ្គជម្រុះតាមពូលពានរង្វាន់ AFF Mitsubishi Electric Cup ក្នុងខែមករា កន្លងទៅ៕

Share.