កំពង់ស្ពឺ ៖ បុរសម្នាក់បន្លំខ្លួនជាមន្ត្រីយោធា ឆបោកលុយប្រជាពលរដ្ឋ រត់ការចូលក្របខណ្ឌ ជនរងគ្រោះតាមទាន់ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះ ឈឹម ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ក្លែងបន្លំជាធោធា ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើស្លៀកពាក់ឯកសណ្ឋានបន្លំធ្វើជាយោធា បញ្ចុះបញ្ចូលជនរងគ្រោះ ឈ្មោះ ហេង បុរី ភេទប្រុស អាយុ២៦ឆ្នាំ ដើម្បីចូលក្របខណ្ឌយោធា ដោយយកលុយចំនួន៤០០ដុល្លារ លុះបានលុយហើយគេចខ្លួន លុះនៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ប្រទះឃើញជនសង្ស័យ នៅក្នុងភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។
ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនស្លៀកពាក់ឯកសណ្ឋានបន្លំធ្វើជាយោធា ហើយពិតជាយកលុយពីជនរងគ្រោះចំនួន៤០០ដុល្លារពិតមែន ។

តាមសមត្ថកិច្ចត្រួតពិនិត្យលើកាតសំគាល់ ឯកសារផ្សេងៗរបស់ជនសង្ស័យ សុទ្ធតែឯកសារ កាត់ត ថតចម្លងទាំងអស់ ពុំមានឯកសារណាមួយឲ្យពិតប្រាកដឡើយ ហើយសមត្ថកិច្ចដកហូតបានវិទ្យុទាក់ទងបានចំនួន៤គ្រឿង ខោអាវប៉ារ៉ា មួយកំប្លេ សម្ភារៈមួយចំនួន ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរនៅការិយាល័យព្រហ្មទណ្ឌស្នងការខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖តាតុងសែនជ័យ

