ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះល្បឿនលឿនជ្រុលទៅបុកម៉ូតូកង់បីកំពុងបើកឆ្លងផ្លូវ ហើយកង់បីខ្ទាតទៅប៉ះម៉ូតូស្កុបពីមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងនារី២នាក់រងរបួសស្រាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវសហព័ន្ធរុស្សុី ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1R-4167 ជិះដោយបុរសម្នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីកើតទៅលិច ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ វ៉ាក់អើ ជាមួយម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1Z-5398 កំពុងបើកឆ្លងផ្លូវពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ជ្រុលបុកពីទទឹង ប៉ើងខ្ទាតកង់បីទៅប៉ះម៉ូតូមួយគ្រឿងទៀត ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1N-6749 ជិះដោយនារី២នាក់ ពីកើតទៅលិច បណ្តាលឲ្យបុរសម្នាក់ ភាគីខាងម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់ នារី២នាក់រងរបួសស្រាល ម៉ូតូ២គ្រឿង កង់បីមួយគ្រឿងរងខូចខាត ។

ក្រោយកើតហេតុ បុរសរងគ្រោះម្នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកនារី២នាក់របួសស្រាលត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យដោយខ្លួនឯង ។ ចំណែកមធ្យោបាយទាំង៣គ្រឿងសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.