សិល្បៈជាតិ៖ លោក សែម វិសាល ជាអ្នកដឹកនាំសម្ដែងរឿង «ពពិលខ្មៅ» និងជាម្ចាស់ផលិតកម្ម Wonder Film បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ភាពយន្តរបស់ផលិតកម្មបានសម្រិតសម្រាំងបច្ចេកទេស និងចំណាយទុនធំក្នុងការផលិត រហូតឈានដល់បញ្ជូនទៅបន្ថែមបច្ចេកទេសផលិតភាពយន្តនៅឯបរទេស។ លោកអះអាងថា ភាពយន្តរបស់ Wonder Film គឺបានចុះកុងត្រាជាមួយក្រុមហ៊ុនធំៗរបស់អន្តរជាតិរួចរាល់ហើយ ប៉ុន្តែយើងគ្រាន់តែត្រូវការបញ្ចាំងភាពយន្តទាំងនោះនៅក្នុងស្រុកឱ្យបានមុនសិនប៉ុណ្ណោះ។

ជាការពិតណាស់ ភាពយន្ត «ពពិលខ្មៅ» ដែលផលិតកម្ម Wonder Film កំពុងតែដាក់បញ្ចាំងនៅក្នុងរោងភាពយន្តនោះ គឺជាភាពយន្តទី ២ បន្ទាប់ពីភាពយន្ត «កំណើតអរូប» បានផ្ដល់នូវរសជាតិភ័យរន្ធត់បែបថ្មីដល់មហាជនអ្នកទស្សនា និងកំពុងចាប់អារម្មណ៍ទស្សនា។ លោក សែម វិសាល លើកឡើងថា ភាពយន្ត «កំណើតអរូប» បានសម្រិតសម្រាំងរសជាតិភាពយន្តបែបបច្ចឹមប្រទេស ប៉ុន្តែចំពោះភាពយន្ត «ពពិលខ្មៅ» គឺមានរសជាតិបែបអាស៊ីយើង។ លោកថា ភាពយន្តនេះជាប្រភេទភាពយន្តបែបរន្ធត់ ប៉ុន្តែចំណុចសំខាន់នៃខ្លឹមសារសាច់រឿង គឺត្រូវបាននិយាយពីគ្រួសារ និងអ្វីកាន់តែពិសេសថែមទៀតសាច់រឿងក៏មានការបញ្ចូលនូវជំនឿពពិលខ្មែរយកជាគោល ដើម្បីបញ្ចូលអត្តសញ្ញាណខ្មែរឱ្យបានច្រើនចូលទៅក្នុងភាពយន្ត។
សម្រាប់អ្នកដឹកនាំរឿងរូបនេះ បានបន្ថែមថា ភាពជឿជាក់ដែលផលិតកម្ម Wonder Film ធ្វើឱ្យអ្នកទស្សនាជក់ចិត្តចំពោះភាពយន្តរបស់ខ្លួននោះ ក៏ព្រោះតែផលិតកម្មមានកញ្ចប់នៃការវិនិយោគចំពោះការផលិតភាពយន្តមានចំនួនខ្ពស់ និងប្រើបច្ចេកទេសស្តង់ដារអន្ដរជាតិមកបន្ថែមទៀត ដើម្បីឱ្យភាពយន្តរបស់ផលិតកម្ម និងជាភាពយន្តខ្មែរយើងបានបញ្ជ្រាបខ្លួនចូលទៅទីផ្សារអន្តរជាតិ។ លោកបន្ថែមថា ភាពយន្ត Wonder Film មួយចំនួនបានចុះកុងត្រាជាមួយក្រុមហ៊ុនធំៗលំដាប់អន្តរជាតិដូចជា Amazon , Prime, Kuro និង Platform បរទេសធំៗមួយចំនួនទៀត។ លោកបន្ថែមថា កន្លងមកថ្មីៗនេះភាពយន្តរបស់ផលិតកម្ម ក៏ទើបតែត្រឡប់មកពីការបញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិប៊ូសាន នៅប្រទេសកូរ៉េផងដែរ។

អ្នកដឹកនាំសម្ដែងភាពយន្ដល្បីឈ្មោះរូបនេះបានសំណូមពរបន្ថែមថា សូមឱ្យទស្សនិកជនទាំងអស់ កុំវាយតម្លៃភាពយន្តខ្មែរក្រៅពីការរិះគន់បែបស្ថាបនាឱ្យសោះ សូមឱ្យលើកឡើងជាមតិទៅតាមគុណភាពភាពយន្តនីមួយៗ ហើយសម្រាប់រូបលោកផ្ទាល់ក៏ទទួលយករាល់មតិរិះគន់បែបស្ថាបនាគ្រប់ពេល ព្រមទាំងត្រូវការយោបល់ល្អៗពីអ្នកទស្សនាឱ្យបានច្រើន ដើម្បីអភិវឌ្ឍន៍កែប្រែថែមទៀតឱ្យភាពយន្តខ្មែរកាន់តែមានទំនើបកម្មជាងមុន។
លោក សែម វិសាល បានបញ្ជាក់បន្ថែមថា ផលិតកម្មក្រៅពីផលិតភាពយន្តបែបភ័យរន្ធត់ហើយនោះ ផលិតកម្មក៏មានការផលិតបែបថ្មីដែលជាភាពយន្តរន្ធត់ដូចគ្នា ប៉ុន្តែមិនមែនជាភាពយន្តខ្មោច ឬព្រលឹងវិញ្ញាណទេ។ ដូច្នោះហើយសូមឱ្យមហាជនរង់ចាំទស្សនាភាពយន្តបន្តបន្ទាប់ទៀតរបស់ផលិតកម្ម។ លោកសង្ឃឹមថា ការគាំទ្រភាពយន្ត «ពពិលខ្មៅ» និងភាពយន្តផ្សេងៗទៀត គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ផលិតករ និងផលិតកម្ម។ សូមជម្រាបថា ភាពយន្ត «ពពិលខ្មៅ» កំពុងចាក់បញ្ចាំងនៅក្នុងរោងភាពយន្តទូទាំងប្រទេស៕




