កំពង់ស្ពឺ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿងបើកបរដោយបុរសជនជាតិចិន បើកលឿនជ្រុលហួសធ្លាក់ចុះក្រោមស្ពាន ក្រឡាប់ផ្ងារជើង សំណាងល្អមិនរងគ្រោះ លូនចេញមកឡើងលើផ្លូវ ចូលបើករថយន្តមួយគ្រឿងទៀតចាកចេញទៅបាត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅផ្លូវ៤១ ចំណុចស្ពានគុណគ្រូ ភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-4627 អ្នកបើកបរឈ្មោះ លូ ឆាវហ័រ ភេទប្រុស អាយុ៦៥ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិដីក្រហម ឃុំកកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនជាតិចិនខាងលើធ្លាប់ឃើញ ដឹកដែកយកទៅការដ្ឋានសំណង់ស្ពានគុណគ្រូថ្មី ដែលកំពុងបុកគ្រឹះសាងសង់ ហើយមុនកើតហេតុ គេឃើញជនជាតិចិនបើករថយន្តខាងលើ នាំដែកទៅដាក់នៅការដ្ឋានស្ពាន លុះពេលដែលបើករថយន្តចេញ ពីជើងទៅត្បូង យកចង្កូតមិនទាន់ជ្រុលហួសធ្លាក់ចុះក្រុមស្ពាន ក្រឡាប់ផ្ងារជើងឡើងលើ សំណាងល្អអ្នកបើកបរមិនមានរងរបួស លូនចេញមកឡើងលើផ្លូវ ហើយឡើងបើករថយន្តមួយគ្រឿងផ្សេងទៀតចាកចេញទៅបាត់ ។

ក្រោយកើតហេតុ រថយន្តខាងលើត្រូវបានក្រុមការងារស្ថាបនាស្ពាន ស្ទូចលើកឡើងមកលើវិញ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.