បន្ទាយមានជ័យ៖ ប្រទះឃើញសាកសពចិនជាតិម្នាក់ដេកស្លាប់ ត្រូវគេបាញ់ចំក្បាល ខ្នង នៅដីវាលដំឡូងមួយកន្លែង នៅខាងលិចវត្តព្រៃគប់ប្រហែល១០០០ម៉ែត្រ ក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនខាងលើនេះ ឈ្មោះ ស៊ីន សៀងគ័រ ភេទប្រុស អាយុ៤២ ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែង នៅក្រុងប៉ោយប៉ែត មានដើមកំណើត នៅខេត្តស៊ីចៀងប្រទេសចិន។ សពជនជាតិចិនត្រូវបានគ្រាប់កាំភ្លើង បាញ់ពីក្រោយចំក្បាល និងស្មារស្តាំខាងក្រោយធ្លុះដល់ឃ្លាក ជនរងគ្រោះពាក់អាវយឺត ពណ៌ខ្មៅដៃខ្លី ស្លៀកខោជើងវែងពណ៌ស។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលព្រឹកថ្ងៃទី១៥ ខែមិថុនា ម្សិលមិញ ឃើញមានរថយន្តសេរីថ្មី ពណ៌ស មិនចាំស្លាកលេខ និងមិនចាំម៉ាក បានមកទីតាំងខាងលើនេះ និងមានឮសម្លេងបាញ់២គ្រាប់នៅចំនុចខាងលើហើយក៍ស្ងាត់បាត់ទៅ។

តាមការពិពិនិត្យរបស់សមត្ថកិច្ច បានឲ្យដឹងថា សពជនជាតិចិន អាចស្លាប់មានរយៈពេលជាង២០ម៉ោងរួចហើយ បើគិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់មកសពត្រូវបានសមត្ថកិច្ចយករថយន្តដឹកយកទៅទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ៕

អត្ថបទ៖ ប៉ោយប៉ែត


