កណ្តាល៖ បុរវ័យ៤០ឆ្នាំម្នាក់ ត្រូវបានអ្នកគុយទាវកាប់មួយកាំបិតហាន់សាច់រយះហូរឈាម ព្រោះតែរឿងទិញគុយទាវ សុំថែមប្រហិតមិនបាន កើតជាជម្លោះហិង្សា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី ស្ថិតនៅភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។


ជនរងគ្រោះឈ្មោះ មាឃ បូរី ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ឃុំ កើតហេតុ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានស្រែកហៅរទះអ្នកលក់គុយទាវឲ្យឈប់ ហើយទិញគុយទាវមួយចាន រួចសុំថែមប្រហិត អ្នកលក់មិនហ៊ានថែមឲ្យ ព្រោះខ្លួស៊ីឈ្មួលលក់ឲ្យគេ ឬដូចនោះជនរងគ្រោះខឹងហើយស្រែកជេរ នឹងបានបោកចានគុយទាវចោល ដោយទ្រាំមិនបានក៏កើតជាទំនាស់ឈ្លោះប្រកែកគ្នា ហើយភាគីអ្នកលក់គុយទាវទាញកាំបិតហាន់សាច់គុយទាវកាប់លើជនរងគ្រោះមួយកាំបិតរយះហូរ ឈាម ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលភ្លាមៗ នឹងបានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថ្ថកិច្ចជួយអន្តរាគមន៍។

ជនសង្ស័យ ឈ្មោះ សាម វិបុត្រ ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ កម្មករលក់គុយទាវតាមរទេះ មានទីលំនៅភូមិកន្ជិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីបន្តអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.