សិល្បៈជាតិ៖ ក្រោយភាពយន្ត «កំណើតអរូប» ទទួលបានជោគជ័យយ៉ាងសម្បើម ផលិតកម្ម Wonder Film បានសម្ពោធភាពយន្តថ្មីសន្លាងមួយទៀតរបស់ខ្លួនគឺរឿង «ពពិលខ្មៅ» ដែលជាភាពយន្តបែបភ័យរន្ធត់រំជួលព្រលឹងតែមានរសជាតិប្លែកខុសពីរឿងមុន។ ក្នុងឱកាសសម្ពោធភាពយន្តថ្មីនេះ ចាងហ្វាងផលិតកម្ម Wonder Film លោក សែម វិសាល បានអះអាងប្រាប់អ្នកសារព័ត៌មានត្រយងថាភាពយន្តខ្មែរបច្ចុប្បន្ននេះមានភាពល្អប្រសើរជាងមុន ប៉ុន្តែបើចង់ឱ្យមានការអភិវឌ្ឍទៅមុខចាំបាច់ត្រូវមានការចូលរួមពីអ្នកជំនាញផ្នែកភាពយន្តនិងកម្លាំងចិត្តពីទស្សនិកជនបន្ថែមទៀត។

បើតាមការឱ្យដឹងពីផលិតករភាពយន្តខាងលើនេះ ភាពយន្តពពិលខ្មៅ មិនគ្រាន់តែជាភាពយន្តភ័យរន្ធត់ធម្មតានោះឡើយ ប៉ុន្តែជាឯកសារចងក្រងដ៏កម្រនិងមានតម្លៃមួយសម្រាប់ថ្ងៃអនាគត ដូច្នេះលោករំពឹងថាទស្សនិកជននឹងមិនរំលងភាពយន្តនេះ។ ក្រោយមានការសាកសួរចំពោះរឿងប្លង់ និងឈុតឆាកដែលមើលទៅស្រដៀងទៅនឹងភាពយន្តបរទេស លោក សែម វិសាល បានឆ្លើយតបព្រមទាំងពន្យល់យ៉ាងលម្អិតពីបែបផែនបច្ចេកទេសនិងវិជ្ជាជីវៈឱ្យអ្នកដែលមិនទាន់យល់បានដឹងពីចំណុចទាំងអស់នេះកាន់តែច្បាស់ផងដែរ។

ចាងហ្វាងផលិតកម្ម ផលិតករ និងជាអ្នកនិពន្ធ លោក សែម វិសាល បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះភាពយន្តរបស់ខ្លួន ព្រោះជាភាពយន្តដែលបានចំណាយពេលស្រាវជ្រាវនិងចងក្រងពីវប្បធម៌ខ្មែរ និងផ្ដល់ជូនអ្នកទស្សនានូវភាពកម្សាន្ត ដូច្នេះលោកសង្ឃឹមថាអ្នកទស្សនានឹងចូលរួមវិនិយោគជាមួយលោកតាមរយៈការចូលរួមទស្សនាដើម្បីជួយឱ្យកុនខ្មែរកាន់តែអភិវឌ្ឍខ្ពស់ទៅមុខថែមទៀត៕
ទស្សនាវីដេអូសម្ភាសន៍ Exclusive ខាងក្រោមនេះ៖

