នៅចុងសប្ដាហ៍នេះ រង្វង់សិល្បៈជប៉ុនមានរឿងអាស្រូវបានកើតឡើងជាច្រើនដោយក្នុងនោះមានករណូីមួយផ្ទុះការចាប់អារម្មណ៍ខ្លាំង ព្រោះតែតារាសម្ដែងរូបសង្ហា Kento Najayama វ័យ ៣៤ឆ្នាំ ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ឃាត់ខ្លួននៅក្នុងផ្ទះនៅក្នុងទីក្រុងតូក្យូ ក្រោយសង្ស័យថា តារារូបនេះមានស្តុកនិងប្រើប្រាស់កញ្ឆា។
ប៉ូលិសបានសំរុកចូលទៅក្នុង Apartment របស់ Kento រួចនាំខ្លួនតារារូបនេះទៅស្នងការដ្ឋានប៉ូលិសថ្នាក់កណ្ដាល ប៉ុន្តែមិនទាន់ទម្លាយព័ត៌មានលម្អិតថាបានរកឃើញមានកញ្ឆានៅកន្លែងកើតហេតុឬអត់នោះទេ។ ប៉ុន្តែសមត្ថកិច្ចនឹងដំណើរការតាមនីតិវិធីដើម្បីស៊ើបអង្កេតទាក់ទងនឹងការប្រើប្រាស់និងស្តុកទុកកញ្ឆារបស់តារារូបនេះជាបន្តទៀត។

គួរដឹងថាបុរសសង្ហា Kento Najayama បានប្រឡូកចូលសិល្បៈកាលពីឆ្នាំ ២០០៧ តាមរយៈការសម្ដែងរឿងភាគ ហើយឈ្នះពានរង្វាន់ តារាសម្ដែងផ្កាយព្រឹក Rising Star ពីកម្មវិធី Japan Academy Awards ពីភាពយន្ត «Soft Boy» ដែលជារឿងដំបូងគេសម្ដែងជាតួអង្គឯក។
ខណៈដែលលោកកំពុងជាប់ឃុំឃាំងភាពយន្តរឿង «Tokyo Revengers 2» ដែលលោកសម្ដែងក៏កំពុងតែត្រៀមនឹងចាក់បញ្ចាំងនៅលើរោងភាពយន្តនាថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះផងដែរ៕

