សិល្បៈ​ម៉ូដ៖ មុន​នេះ​បន្តិច​ផេក​ផ្លូវ​ការ​ របស់​សម្ដេច​តេជោ​​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ Samdech Hun Sen, Cambodian Prime Minister បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ា​នី​ ហ៊ុន​សែន ដែល​ជា​រូប​ថត​បាន​ថត​តាំង​ពី​ឆ្នាំ​១៩៩២​​មក​ម្ល៉េះ​។

យោង​​​​តាម​ការ​រៀបរាប់​របស់​ផេក​សម្ដេច​រូប​ភាព​ដ៏​កម្រ​មួយ​សន្លឹក​នេះ​គឺ​បាន​ថត​ដោយ​ជាង​ថត​មួយ​រូប​តាំង​ពី​៣១​ឆ្នាំ​មុន​ ក្នុង​ខណៈ​ដែល​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​មាន​វ័យ​ទើប​តែ ​៣៨​ឆ្នាំ​ ប៉ុន្តែ​រូប​ថត​ ដែល​ជាង​លួច​ថត​ដោយ​មិន​ឱ្យ​ដឹង​ខ្លួន​នេះ​ ​បាន​នៅ​ក្នុង​ម៉ាស៊ីន​ថត​របស់​ជាង​ថត​រូប​នោះ​ មិន​ត្រូវ​បាន​ផ្ដិត​ចេញ​មក​ឡើយ​ជា​ច្រើន​ឆ្នាំ​។ ក្រោយ​ពេល​ជាង​ថត​ទទួល​អនិច្ចកម្ម​ជា​ច្រើន​ឆ្នាំ​ទើប​កូន​គាត់​បាន​រក​ឃើញ​ហើយ​យក​រូប​នេះ​បង្ហោះ​ ទើប​រូប​នេះ​បាន​ធ្លាក់​មក​ដល់​ដៃ​របស់​សម្ដេច​។

តាម​រយៈ​រូប​ថត​មួយ​សន្លឹក​នេះ​ ធ្វើ​ឱ្យ​​មហាជន​​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​តុបតែង​ខ្លួន​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជាមួយ​នឹង​ម៉ូដ​សក់​បែប​បវរកញ្ញា​ក្លាយ​និង​អាវ​ផ្កា​ក​បើក​​ដៃ​​ទ្រ័រកា ​គឺ​ជា​ Fashion ​ដ៏​ពេញ​និយម​សម្រាប់​​នារី​នា​ទសវត្សរ៍​ទី​៩០។

ខាង​ក្រោម​នេះ​គឺជា​ការ​រៀបរាប់​លម្អិត​ពី​ផេក​សម្ដេច​តេជោ​៖​ «​​​​វា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​ដែល​ខ្ញុំ​មើល​រូប​ថត​​ប្រពន្ធ​ខ្លួន​ឯង​មិន​ស្គាល់​។​​ ក្រោយ​ឃើញ​រូប​ថត​នេះ​កូន​ៗ​ប្រាប់​ថា​ជា​រូប​ថត​ម៉ែ​តែ​ខ្ញុំ​ឆ្លើយ​មិនមែន​ទេ​គឺ​ជា​រូបថត​​មនុស្ស​ផ្សេង​គ្រាន់​តែ​ទម្រង់​មុខ​ស្រដៀង​គ្នា​ប៉ុណ្ណោះ​។​ម្សិលមិញ​ភរិយា​ខ្ញុំ​ថា​ជា​រូបថត​គាត់​ដែល​ជាង​ថត​បាន​ថត​មិន​ឲ្យ​ដឹង​ខ្លួន​ហើយ​រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​ថត​របស់​អ្នក​ថត​រូប​ដែល​គាត់​មរណភាព​ច្រើន​ឆ្នាំ​មក​ហើយ​។​​ពេល​នេះ​កូន​របស់​ជាង​ថត​រូប​បាន​រក​ឃើញ​និង​បង្ហោះ​ចេញ​ទើប​យើង​ឃើញ​រូប​ថត​នេះ​។​បើ​តាម​ពិនិត្យ​គាត់​ថត​ប្រហែល​ឆ្នាំ​១៩៩២​​ ក្នុង​​វ័យ​៣៨​ឆ្នាំ ​ដែល​មាន​កូន​៦​នាក់​ និង ​នៅ​​រស់​៥​នាក់​ស្លាប់​ម្នាក់​៕​»

Share.