ភ្នំពេញ÷បុរសជាកម្មករសំណង់ម្នាក់ បានបាត់បង់អាយុជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ បន្ទាប់ពីបើកម៉ូតូដួលពីមុខរថយន្ដធុនធំ ហើយត្រូវរថយន្តបើកកិនពីលើ នាវេលាម៉ោង៨:៣០ នាទី យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្ដោយវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញយុវជនម្នាក់ ជិះម៉ូតូហុងដាខ្លីកមួយគ្រឿង ពណ៍សលាយខ្មៅពាក់ស្លាកលេខបាត់ដំបង 1AE-8086 ធ្វើដំណើរតាមបណ្ដោយវិថីចោមចៅក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏គេចម៉ូតូមួយគ្រឿងទៀត បណ្ដាលអោយដួលស្រាប់តែមានរថយន្ដធុនធំមួយគ្រឿងសណ្ដោងរម៉ក ក្បាលពាក់ស្លាកលេខភ្នំពេញ 3A-3598 កន្ទុយពាក់ស្លាកលេខភ្នំពេញ 4A-2835 ធ្វើដំណើរស្របទិសគ្នាពីក្រោយ កិនពីលើម៉ូតូបណ្ដាលឲ្យរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីពេទ្យ តែជាអកុសលពេលដឹកជិតដល់មន្ទីពេទ្យជនរងគ្រោះបានបាត់បង់ជីវិតបាត់បង់អាយុជីវិតទៅហើយ។

សពជនរងគ្រោះមានឈ្មោះ ដែន កក្ដដា ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅឃុំកកោះ ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង នាំយករថយន្ដនឹងម៉ូតូយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែលសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕


អត្ថបទ៖ត្រយង តូច

