ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ជនរងគ្រោះជនជាតិចិនមួយគ្រឿង រួចជិះម៉ូតូរត់គេចខ្លួនបាត់ ។
តាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ០០នាទី រំលងអធ្រាត្រ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុចក្រោយភ្នំមាសចាស់ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ១គ្រឿង ម៉ាក Iphone 12 ProMax ពណ៌ទឹកប៊ិច ដែលជារបស់ជនរងគ្រោះជនជាតិចិន រួចជិះម៉ូតូរត់គេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិខ្មែរ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងមាន ទូរស័ព្ទចំនួន០៣គ្រឿង ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿងជាមធ្យោបាយធ្វើសមកម្មភាព។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក៏សាងសមណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ព្រះសីហនុ

