ភ្នំពេញ៖ សិស្សប្រុសស្រី ចំនួន៨នាក់ នៃវិទ្យាល័យជាស៉ីមសាមគ្គី ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនដើម្បីធ្វើការកិច្ចសន្យាអប់រំ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពវាយតប់គ្នាយ៉ាងអនាធិបតេយ្យ ហើយត្រូវបានគេចែកចាយវីដេអូពេញបណ្ដាញសង្គម និងនាំឲ្យមានការរិះគន់ជាបន្ដបន្ទាប់។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា សិស្សស្រី៧នាក់ និងសិស្សប្រុសម្នាក់នេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីពួកគេវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួសបែកក្បាល និងច្រមុះ និងថ្ពាល់របួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

ក្រោយពីធ្វើការសាកសួរចម្លើយសិស្សចំនួន៨នាក់ចប់សព្វគ្រប់ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការណែនាំអប់រំដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿង ដល់សិស្សទាំង០៨នាក់ខាងលើ ព្រមទាំងមានការធានាពីអាណាព្យាបាលនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

បច្ចប្បន្នសិស្សទាំង០៨នាក់ខាងលើ ក្រោយពីបានធ្វើការដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿងព្រមទាំងមានការធានាពីអាណាព្យាបាលរួច សមត្ថកិច្ចបានប្រគល់ជូនលោកនាយកសាលាដើម្បីអប់រំនៅសាលាបន្ត៕

