សិល្បៈជាតិ៖ លោក ឡេង សុវណ្ណតារា ឬហៅថា ខ្មែរមួយជីវិត ត្រូវបានមហាជនស្គាល់លោកថា ជាអ្នកចម្រៀងរ៉េបប៉ារូលចម្រៀងពិឃាត ព្រោះបទចម្រៀងលោកនីមួយៗធ្វើឱ្យស្ដាប់ទៅដូចជាលេងពាក្យពេចន៍សាហាវៗ តែនោះគ្រាន់តែជាសិល្បៈនៃចម្រៀងរ៉េបប៉ុណ្ណោះ។ ចុះតើ HipHop បានផ្ដល់សារៈសំខាន់អ្វីខ្លះដល់សិល្បៈវប្បធម៌ខ្មែរ?
ថ្មីៗនេះ លោកក៏បានបង្ហាញវត្តមានជាគ្រូបង្វឹកទី ៤ នៃកម្មវិធី The Rapper Cambodia ដែលនឹងមានផ្សាយជូនមហាជនទស្សនានាពេលខាងមុខ។ លោក ឡេង សុវណ្ណតារា បានលើកឡើងថា លោកបានចាប់ផ្ដើមលើអាជីពជាតារាចម្រៀងរ៉េប គឺចាប់តាំងពីលោករៀននៅវិទ្យាល័យ និងបានផ្លាស់មករស់នៅសហរដ្ឋអាមេរិកជាលើកដំបូង។
លោកថា មជ្ឈដ្ឋានជុំវិញខ្លួនលោកនៅពេលនោះ គឺទទួលឥទ្ធិពល Rap Music។ ហេតុផលដែលលោកឈានចូលប្រឡូកវិស័យចម្រៀងរ៉េប នោះក៏ព្រោះតែលោកចូលចិត្តតន្ត្រី ចូលចិត្តចម្រៀង ចូលចិត្តនិពន្ធ ប៉ុន្តែនៅពេលដែលស្វែងរកពណ៌របស់ខ្លួនឯង លោករកឃើញថា សំឡេងរបស់លោកបើជាអ្នកចម្រៀងដូចគេគឺមិនសូវត្រូវនោះទេ ទើបលោកសម្រេចចិត្តប្រឡូកជាអ្នកចម្រៀងរ៉េប។
លោក ឡេង សុវណ្ណតារា បន្តឱ្យដឹងថា នៅឆ្នាំ ២០១០ និង ២០១១ លោកបានបញ្ចេញស្នាដៃដំបូងរបស់ខ្លួនជាចម្រៀងរ៉េបមានចំណងជើងថា «បំបែកឯតទគ្គកម្ម» និងចូលចិត្តបំផុតគឺបទ «សង្គមឈឺចាប់»។ លោកថា ការនិពន្ធបទចម្រៀងរបស់លោកគឺផ្ដោតសំខាន់ទៅលើពាក្យពេចន៍ អត្ថន័យខ្លឹមសារ ការរៀបរាប់ន័យ បើជាប្រភេទបទវាយកម្ទេច នោះត្រូវសង្កត់ឱ្យជាប់មិនឱ្យហើបរួចជាដើម។ លោកថា ខ្លួនធ្លាប់បានសហការស្នាងស្នាដៃជាមួយក្រុមផលិតកម្ម Clap Yahand ដែលអាល់ប៊ុមនោះមានចំណងជើងថា «ចលនាពាក្យជួន» រួមមានបទល្បីៗជាច្រើនបទដូចជាបទ «ស្នេហ៍ពេលរាត្រី » ដែលធ្វើឱ្យមហាជនគ្រប់ស្រទាប់បានស្ដាប់ និងស្គាល់ពីបទមួយនេះ។
Rapper ខ្មែរមួយជីវិត បានឱ្យដឹងថា ហ៊ីបហ៊ប គឺមានសារៈសំខាន់ក្នុងខ្លាំងណាស់ចំពោះវិស័យសិល្បៈវប្បធម៌ខ្មែរ ព្រោះថា ហ៊ីបហ៊ប បានផ្ដល់អទិភាពដល់អ្នកនិពន្ធ និងផលិតករ ឱ្យមានសេរីភាពច្រើនក្នុងការបរិយាយពី អារម្មណ៍ផ្ទាល់ខ្លួន រៀបរាប់ពីការពិតនៅក្នុងសង្គម ជ័យជម្នះ ភាពជោគជ័យ ភាពក្រលំបាក បទពិសោធន៍ដែលចាប់ផ្ដើមឡើងពីបាតដៃទទេរហូតដល់មានបាន ដែលប្រធានបទទាំងអស់នោះហើយបានជួយដល់អ្នកស្ដាប់ឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ការបណ្ដុះបណ្ដាលស្មារតី។
Rapper មួយរូបនេះក៏បានផ្ដាំផ្ញើដល់បេក្ខជន ឬអ្នកជំនាន់ក្រោយដែលចង់ក្លាយជាអ្នកចម្រៀងរ៉េបថា ត្រូវផ្ដោតលើការពង្រឹងសមត្ថភាពខ្លួនឯង និងមានភាពជឿជាក់លើខ្លួនឯង ដែលនោះគឺជាឈានដំបូងបង្អស់នៃការចាប់ផ្ដើមរបស់ HipHop៕





