ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ខណៈដែលជិះម៉ូតូឌុបគ្នាទៅធ្វើការងារ ជាអកុសលទាក់ដៃចង្កូតជាមួយម៉ូតូផ្សេង ដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ចំណែកបងប្រុសជីដូនមួយក្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវ២០១១ ភូមិអណ្តូងខ្មែរ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឆាយ ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិបឹងបុិច សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-5772 ឌុបបងប្រុសជីដូនមួយម្នាក់ទៀត ធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅធ្វើការងារជាងដែក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយធ្វើដំណើរកាត់តាមផ្លូវ២០១១ ពីលិចទៅកើត ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ជ្រុលប៉ះទាក់ដៃចង្កូតជាមួយម៉ូតូច្រាសទិស បណ្តាលឲ្យដួលខ្លួនឯង បោកក្បាលស្លាប់ម្នាក់ ចំណែកម្នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ សាកសពប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដហឋានខណ្ឌព្រែកព្នៅជាបណ្តោះអាសន្ន ៕

អត្ថបទ៖តាតុងសែនជ័យ

Share.