ភ្នំពេញ ៖ រថយន្តទ្រុងដឹកពងទាមួយគ្រឿងបើកបរស្របពេលមេឃកំពុងធ្លាក់ភ្លៀង រអិលរេចង្កូតជ្រុលបុកឡើងសួនទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ចាក់ពងទាចោលបែកឆ្អាបពេញផ្លូវ តែមិនបង្កឲ្យរងរបួសដល់មនុស្សឡើយ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រថ្មី ក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង រថយន្តកូរ៉េទ្រុង ម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0831 ដឹកពងទាពេញរថយន្ត ជិះគ្នា៥នាក់ ក្នុងនោះស្ត្រីម្នាក់ ជាថៅកែពងទា ដឹកមកពីខេត្តតាកែវ ឆ្ពោះទៅខេត្តសៀមរាប ដើម្បីដាក់ឲ្យម៉ូយ លុះរថយន្តបើកតាមបណ្តោយផ្លូវ៦០ម៉ែត្រថ្មី ដល់ចំណុចកើតហេតុ ភ្លៀងខ្លាំងផង រអិលរេចង្កូតបុកសួនទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ចាក់ពងទាបែកឆ្អាបពេញផ្លូវ តែមិនបង្កឲ្យរបួសដល់មនុស្សឡើយ ខូចខាតតែពងទាអស់ជាច្រើនផ្លាន បែកខឿនទ្រូងផ្លូវ ខូចខាតរថយន្ត បែកកង់មុខខាងស្តាំ ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងអាជ្ញាធរ ចុះទៅជួយសម្រួលចរាចរណ៍ ហើយម្ចាស់រថយន្តធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុនស្ថាបនាផ្លូវ៦០ម៉ែត្រ សួនច្បារ ដោយចេញសងថ្លៃខូចខាតចំនួន៣០០ដុល្លា ដើម្បីបញ្ចប់រឿង ខណៈដែលផ្លូវខាងលើស្ថិតនៅក្នុងការគ្រងគ្រងរបស់ក្រុមហ៊ុននៅឡើយ រួចស្ទូចរថយន្តយកទៅជួសជុលបន្តទៀត ៕

អត្ថបទ៖តាតុងសែនជ័យ

Share.