សិល្បៈជាតិ៖ សព្វថ្ងៃនេះ អ្នកណាក៏អាចបង្ហោះនឹងចែកចាយព័ត៌មាននៅលើបណ្ដាញសង្គមបានដែរ ដូច្នោះហើយ ថ្មីៗនេះ កញ្ញា Sophia Kao បានចែករំលែកវីដេអូទៅកាន់មហាជនឱ្យដឹងពីគន្លឹះជាក់ស្តែងដែលអ្នកអាចរៀនតាមសម្រាប់ប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។


Processed with VSCO with c6 preset
នៅក្នុងវីដេអូណែនាំរបស់កញ្ញា Sophia Kao បានលើកឡើងថា មុនពេលដែលអ្នកទាំងអស់គ្នាធ្វើការចែករំលែកព័ត៌មានផ្សេងៗ ទាំងអស់គ្នាគួរតែគិតលើ ៣ ចំនុច គឺ ឈប់ ពិចារណា និង ផ្ទៀងផ្ទាត់។ វាពិតជាមានសារៈសំខាន់នៅក្នុងព័ត៌មានដែលអ្នកបានអាន ឬឮ ដែលនេះគឺជាអ្វីដែលយើងហៅថា ចំណេះដឹងផ្នែកប្រពន្ធផ្សព្វផ្សាយ។
កញ្ញា Sophia Kao បន្តថា មុនពេលដែលអ្នកទាំងអស់គ្នាចែករំលែកព័ត៌មានអ្វីមួយ អ្នកត្រូវតែ ឈប់សិន គឺ ឈប់ដើម្បីចំណាយពេលគិតថា ព័ត៌មានដែលអ្នកទទួលបានគឺត្រឹមត្រូវដែរឬទេ? ឬគ្រាន់តែទាក់ទាញចំណាប់អារម្មណ៍។ អ្នកត្រូវដឹងថា សារ និងការបង្ហោះរបស់អ្នកគឺបានរួមចំណែកដល់ការលូតលាស់ ការចែករំលែកទៅមនុស្សទូទាំងពិភពលោក ហើយផលប៉ះពាល់ល្អ ឬអាក្រក់គឺស្ថិតនៅលើអ្នក។

កញ្ញា Sophia Kao ប្រាប់ថែមទៀតថា នៅពេលអ្នកទទួលបានព័ត៌មាន ជំហានបន្ទាប់គឺ ពិចារណា ដែលដំណាក់កាលនេះគឺយើងត្រូវគិតអ្វីដែលជាការពិត ឬគ្រាន់តែជាការប្រឌិត។ ចំណាយពេលគិតពិចារណាទៅលើអ្វីដែលអ្នកទាំងអស់គ្នាទើបតែបានឃើញ នោះវានឹងធ្វើឱ្យអ្នកទាំងអស់គ្នាក្លាយជាអ្នកប្រើប្រាស់ Socail Media ដ៏ឆ្លាតវ័យ និងមានទំនួលខុសត្រូវច្រើនជាងមុន។ វាមានសារៈសំខាន់ក្នុងការចែករំលែកព័ត៌មានពិត វានឹងចង្អុលបង្ហាញពីអ្វីដែលមិនពិត។ អ្នកសរសេរអត្ថបទមិនពិត ភាគច្រើនគេសរសេរព័ត៌មានមិនពិតលាយព័ត៌មានពិត ដោយប្រើឈ្មោះតារាល្បីៗ ក្រុមហ៊ុនល្បីៗ ឬនិមិត្តសញ្ញាព័ត៌មាន។ ព័ត៌មានមិនពិត ឬបំភ័ន្ត វាធ្វើឱ្យអ្នកពិបាកបែកចែករវាងអ្វីពិត និងមិនពិត។
កញ្ញា Sophia Kao លើកឡើងចំណុចចុងក្រោយគឺដំណាក់កាល ផ្ទៀងផ្ទាត់ ថា បើទទួលបានព័ត៌មានមិនពិត កុំទទួលយកអ្វីដែលមិនពិតជាជាងព័ត៌មានផ្លូវការ ឬចំណងជើងប្រឌិតពេក សូមកុំចែករំលែក ។ អ្នកត្រូវផ្ទៀងផ្ទាត់ និងពិនិត្យមើលប្រភពព័ត៌មានដទៃផ្សេងទៀត ដើម្បីបញ្ជាក់ជាមួយព័ត៌មានមួយនោះ។ កុំចូលរួមចែករំលែកព័ត៌មានមិនពិត ហើយមុននឹងចែករំលែកព័ត៌មានអ្វីមួយគឺ សូមធ្វើការផ្ទៀងផ្ទាត់។
ជារួម មុនពេលដែលអ្នកទាំងអស់គ្នាចែករំលែកព័ត៌មានអ្វីមួយនោះ គឺត្រូវប្រកាន់ភ្ជាប់ ៣ ចំនុច គឺ ឈប់ ពិចារណា និង ផ្ទៀងផ្ទាត់។ សូមទស្សនាវីដេអូរបស់ កញ្ញា Sophia Kao នៅទីនេះ៕


