សិល្បៈអន្តរជាតិ៖ សារព័ត៌មាន Yonhap នៅថ្ងៃទី២១ ខែមិថុនា បានផ្សាយឱ្យដឹងថា Choi Sung Bong ម្ចាស់តំណែងលំដាប់រងទីពីរកម្មវិធី «Korea’ Got Talent» បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅត្រឹមអាយុ៣៣ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចប៉ូលិស។

ប៉ូលិសបានរកឃើញសពរបស់លោកនៅក្នុងផ្ទះក្នុងសង្កាត់ Yeoksam-Dong នៅភាគខាងត្បូងទីក្រុងសេអ៊ូលនៅកាលពីថ្ងៃអង្គារវេលាម៉ោង៩ព្រឹក នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចនិងភ្នាក់ងារពន្លត់អគ្គីភ័យ។ តារាចម្រៀងប៉ុបរូបនេះត្រូវបានសាធារណជនចាប់អារម្មណ៍ច្រើនក្រោយលោកឈ្នះតំណែងលំដាប់រងទីមួយនៃកម្មវិធី Korea’s Got Talent របស់ទូរទស្សន៍ TVN កាលពីឆ្នាំ២០១១ ប៉ុន្តែកេរ្តិ៍ឈ្មោះនិងវត្តមានរបស់តារារូបនេះបានបាត់ចេញពីក្រសែភ្នែកមហាជនកាលពីឆ្នាំ២០២១ ក្រោយលោកបានបញ្ចេញព័ត៌មានមិនពិត បោកប្រាស់ទំនុកចិត្តមហាជនថាខ្លួនកើតជំងឺមហារីកនិងត្រូវការប្រាក់ព្យាបាលយ៉ាងច្រើន ដែលក្រោយមកលោកទទួលបានទឹកប្រាក់បរិច្ចាគយ៉ាងច្រើនមហាសាល ប៉ុន្តែលោកបានចេញមកសារភាពនិងទទួលស្គាល់កំហុស ចំពោះទង្វើបោកប្រាស់របស់ខ្លួន ដោយសន្យាថានឹងវេរប្រាក់ដែលទទួលបានទាំងអស់ទៅម្ចាស់ដើមវិញ។

សមត្ថកិច្ចបានសន្មតថាអតីតតារាចម្រៀងរូបនេះធ្វើអត្តឃាតដោយសារតែបញ្ហាដែលលោកកំពុងប្រឈម ដោយសារតែមុននឹងសម្រេចចិត្តសម្លាប់ខ្លួនលោកបានបង្ហោះវីដេអូសុំទោសចុងក្រោយនៅលើឆាណែល Youtube របស់លោក។
វីដេអូនោះបានអត្ថន័យថា៖ «ខ្ញុំពិតជាសុំទោសអស់ពីដួងចិត្តចំពោះបងប្អូនដែលរងនូវការឈឺចាប់ដោយសារតែកំហុសដ៏ល្ងង់ខ្លៅរបស់ខ្ញុំ» ព្រមទាំងបញ្ជាក់ថាប្រាក់បរិច្ចាគទាំងអស់នឹងត្រូវវេរទៅម្ចាស់ដើមវិញ។
នេះមិនមែនជាករណីទីមួយឡើយ ដែលតារាកូរ៉េបានប្រើប្រាស់វិធីបញ្ចប់ជីវិតខ្លួនឯង ដើម្បីគេចវេសពីបញ្ហា ឬកើតជំងឺ Depression ដែលខ្លួនកំពុងប្រឈម ព្រោះមានតារាកូរ៉េជាច្រើនរូបហើយបានជ្រើសរើសយកវិធីបែបនេះមកដោះស្រាយបញ្ហា ទាំងដែលវិធីនេះមិនត្រឹមតែមិនអាចជួយអ្វីបាន ក្រៅតែពីធ្វើឱ្យក្រុមគ្រួសារ មិត្តភក្ដិ សាច់ញាតិនិងអ្នកដែលស្រលាញ់គាំទ្រខ្លួនត្រូវទ្រាំរស់នៅទាំងឈឺចាប់ វេទនា កើតទុក្ខ ព្រោះបាត់បង់មនុស្សជាទីស្រលាញ់ក្នុងគ្រួសារ៕
ប្រភព៖ yna



