បាត់ដំបង÷ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជាងជួសជុលម៉ូតូម្នាក់ និងដកហូតគ្រឿងញៀនជាង៣០គីឡូក្រាម នាវេលាម៉ោង១៣ និង៣០ នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យជាជាងជួសជុសម៉ូតូ មានឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបោះពោធិ ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះ កម្លាំងជំនាញរឹបអូសបានម៉ាទឹកកកសរុបចំនួន៤៧កញ្ចប់ធំ ទម្ងន់ចំនួន ៣១៧១៣,៣៤ ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ០១ គ្រឿង , ទូរស័ព្ទដៃ ០២ គ្រឿង , ម៉ូតូ ០១ គ្រឿង ម៉ាក RAIDER ពណ៌ ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1W-4635 លេខតួ 136298, ប្រាក់បាត ១២០០ បាត, ប្រាក់ដុល្លារ ១០០ ដុល្លារ
, ប្រាក់រៀល ៤,០០០,០០០ រៀល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១ សន្លឹក, ផ្លាកលេខម៉ូតូ ០២ សន្លឹក (ភ្នំពេញ 1E-9727 និង បាត់ដំបង 1C-7173), កាបូបយួរដៃចំនួន ០២, ការ៉ុងចំនួន០២។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសាភាពថា គ្រឿងញៀនទាំងនេះ គឺជាបស់ឈ្មោះ ធន ឆវ័ន្ត ជាមេក្លោងដែលយកមកលាក់ទុកនៅបន្ទប់ជួល ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការសាកសួរដើម្បីឈានទៅកាន់ការកំណត់មេក្លោងធំបន្តទៀត៕

អត្ថបទ៖ ដំបងក្រញូង
