ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស RX400 h ទៅបុករថយន្តឡង់គ្រីស័រ បើកបរដោយជនបរទេសម្នាក់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយជំហៀង កាលពីវេលាម៉ោង ១២ និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី ២១ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវ ៦១៤កែងនឹងផ្លូវ២៩១ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តឡិចស៊ីស RX400h ពណ៌ទ្រេអ៊ី ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ02.2.9743បើកតាមបណ្ដោយផ្លូវ291ទឹសដៅពីត្បូងមកជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2I.8665បើកតាមបណ្ដោយផ្លូវ 614 ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿនដូចគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តឡើងគ្រីស័រ ក្រឡាប់ផ្ងារមួយជំហៀង សំណាងមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.