កណ្តាល ៖ ជនសង្ស័យ២នាក់សកម្មលួច ហើយក៏ធ្លាប់ជាប់ពន្ធនាគារដែរ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីនាំគ្នាទៅធ្វើសកម្មភាពគាស់ឃ្លាំងរោងចក្រ ចូលលួចទ្រព្យសម្បត្តិ ម្ចាស់ទាន់ស្រែកឆោឡោផ្អើលកម្មករនាំគ្នាព័ទ្ធចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១និង០៥នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចរោងចក្រផលិតជីធម្មជាតិ ភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបាន ៖ ទី១ ឈ្មោះ សុន វណ្ណា ហៅខួច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិត រស់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាលចំនួន០៣លើក ក្នុងករណី ហិង្សាក្នុងគ្រួសារ ,អំពើលួច , ប្រើប្រាស់គ្រឿងញៀន ។ ទី២ ឈ្មោះ សុខ មានមាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០១លើក ក្នុងករណីឆក់ទូរស័ព្ទ អំឡុងឆ្នាំ២០២១ ។

ចំណែកជនរងគ្រោះក្នុងករណីលួចខាងលើ ឈ្មោះ គង់ សាមឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមេការគ្រប់គ្រង ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបន្តទៀតថា កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យ ប្រដាប់ដោយកូនសោរ ជិះម៉ូតូទៅធ្វើសកម្មភាពគាស់ឃ្លាំងរោងចក្រផលិតជីធម្មជាតិ តែត្រូវបានមេការឃើញឆោឡោ ផ្អើលកម្មករនាំគ្នាព័ទ្ធចាប់ខ្លួនបាន ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ កន្លងមកធ្លាប់ធ្វើសកម្មភាពគាស់ឃ្លាំងចូលលួចសម្ភារៈ ទ្រព្យសម្បត្តិ លួចទាំងម៉ាសុីនត្រជាក់ រហូតមកដល់លើកនេះ ម្ចាស់ទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួននៅផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.